ព័ត៌មានជាតិ

នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជា ចាប់ផ្ដើមដំឡើងជាផ្លូវការ នៅខេត្តកំពត ដើម្បីទាក់ទាញទេសចរណ៍

BY
Khmernote Media
August 23, 2024

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីក្រុងពាលីដំឡើង នាឡិកាធំ និងខ្ពស់ជាងរបស់កម្ពុជា នៅទីតាំងមាត់ព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ក្រោមធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវហ៊ុនចាន់ធី ម៉ៅធនិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ពិធីក្រុងពាលីនេះ ធ្វើឡើងក្រោយពេលការស្ថាបនាគ្រឹះរបស់នាឡិករួចរាល់ និងស្របពេលដែលសម្ភារប្រណិតៗ ដែលបានបញ្ជាទិញពីបរទេស ត្រូវបានដឹកជញ្ជូនមកដល់ទីតាំងដើម្បីដំឡើង។ កិច្ចសូត្រមន្ត ប្រោះព្រំ ពីថ្នាក់ដឹកនាំសង្ឃ និងកិច្ចបន់ស្រន់ បួងសួងសុំសេចក្តីសុខសព្វសាធុការ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារស្ថានានាឡិកាយក្សនោះ បានប្រព្រឹត្តទៅដោយសេចក្តីសោមនស្សបំផុត។

ប្រជាពលរដ្ឋ និងជនបរទេសរស់នៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់ពិតជាសប្បាយចិត្តដែលបានឃើញនាឡិកាកម្ពស់៣៥ម៉ែត្រ និងមានទំហំមុខកាត់អង្កត់ផ្ចិតជិត១០ម៉ែត្រហើយតាមរចនាបទខ្មែរ ត្រូវបានដំឡើង។ ពួកគាត់ថា យ៉ាងយូរ២ខែទៀត ភ្ញៀវទេសចរមកពីគ្រប់ទិសទី នឹងធ្វើដំណើរទស្សនាខេត្តកំពត ព្រោះចង់ឃើញនាឡិកាយក្សនេះ និងសមិទ្ធផលជាច្រើនរបស់ខេត្តកំពតដោយផ្ទាល់។ ពួកគាត់ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្ត ដែលតែងតែរិះគិត រកគ្រប់មធ្យោបាយដើម្បីបង្កើតសមិទ្ធផលថ្មីៗ ប្លែកៗ ជួយលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។

តាមការលើកឡើងឯកឧត្តមអភិបាលខេត្តកំពតនាពេលថ្មីនេះ ថារដ្ឋបាលខេត្តគ្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត ដោយយកតាមរចនាបទខ្មែរ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផង និងដើម្បីលម្អក្រុងកំពត ក៏ដូចជាទាក់ទាញទេសចរផង ខណៈដែលគម្រោងស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ល្អប្រណិតមួយផ្សេងទៀត បាននិងកំពុងសិក្សាជិតរួចរាល់ផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

Share This Post: