ព័ត៌មានជាតិ

ជម្រើសជាតិប៊ីយ៉ាកម្ពុជា ត្រៀមចេញទៅប្រកួតអន្តរជាតិលើវិញ្ញាសា Heyball នៅប្រទេសថៃ

BY
Khmernote Media
August 23, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ប្រតិភូកីឡាប៊ីយ៉ាកម្ពុជា៥នាក់ ក្នុងនោះមានកីឡាករជម្រើសជាតិ៣នាក់របស់ខ្លួននឹងត្រូវចេញទៅប្រកួតលើវិញ្ញាសា HEYBALL អន្តរជាតិលក្ខណៈបើកទូលាយ (2024 JOY HEYBALL INTERNATIONAL OPEN THAILAND STOP) ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

នេះបើតាមការបញ្ជាក់របស់លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា និងជាប្រតិភូដឹកនាំកីឡាប៊ីយ៉ាកម្ពុជា និងលោកស្រី អេង អ៊ីតា និងកីឡាករ៣នាក់ មានលោក ដួង ប៊ុនធឿន លោក ម៉ែន សុផានិត លោក នាង សុខមនោ។ អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា HEYBALL គឺជាវិញ្ញាសាមួយថ្មី ប៉ុន្តែកំពុងល្បីល្បាញខ្លាំង នាពេលបច្បុប្បន្ន ខណៈសហព័ន្ធកីឡាប៊ីយ៉ាអាស៊ី និងសហព័ន្ធអន្តរជាតិនឹងត្រូវដាក់បញ្ចូលវិញ្ញាសា HEYBALL នេះទៅក្នុងការប្រកួតស៊ីហ្គេម កីឡាអាស៊ី និងហ្គេមធំៗផ្សេងៗទៀត ទាំងកម្រិតអាស៊ី និងពិភពលោកផងដែរ។

«កីឡាករជម្រើសជាតិប៊ីយ៉ាកម្ពុជាបានសម្រុកការហ្វឹកហាត់យ៉ាងខ្លាំងក្លាលើវិញ្ញាសា HEYBALL នេះ ដោយពួកគាត់ទាំងអស់សុទ្ធតែមានទេពកោសល្យក្នុងប្រភេទកីឡានេះស្រាប់ ជាពិសេសពួគគាត់សុទ្ធតែចេញពីស្នូកឃ័រ ភូល។ តាមរយៈការប្រកួតអន្តរជាតិមួយនេះ ក៏ជាការវាស់ស្ទង់គុណភាពបន្ថែម ក្នុងការត្រៀមឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ទៀតផង»។ លោក ម៉ារ៉ា សុជាតិ បានបន្ថែម។

ជាមួយគ្នានេះ អគ្គលេខាធិការឱ្យដឹងទៀតថា ក្រៅអំពីការចូលរួមការប្រកួត HEYBALL អន្តរជាតិលក្ខណៈបើកទូលាយ នៅប្រទេសថៃ នាចុងខែសីហា ឆ្នាំ២០២៤នេះ ក៏ក្រុមជម្រើសជាតិប៊ីយ៉ាកម្ពុជានឹងចូលរួមការប្រកួតអន្តរជាតិដ៏ធំមួយ លើវិញ្ញាសាភូល ក្នុងខែកញ្ញា ២០២៤ខាងមុខនេះ នៅប្រទេសវៀតណាម។ ជាគោលដៅមួយទៀត គឺប៊ីយ៉ាកម្ពុជាក៏នឹងចូលរួមប្រកួតអន្តរជាតិលើវិញ្ញាសាស្នូកឃ័រ នៅប្រទេសសិង្ហបុរី។ ជារួម ក្រុមជម្រើសជាតិប៊ីយ៉ាកម្ពុជាមានបេសកកម្មចូលរួមប្រកួតអន្តរជាតិជាបន្តបន្ទាប់ ទាំងក្នុងខែសីហា ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤នេះ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលយើងរៀបចំការប្រកួតកីឡាជាតិ លើកទី៤ ទើបផ្អាកប្រកួតអន្តរជាតិមួយរយៈសិន។

ជាក្តីសង្ឃឹមនៃដំណើរបេសកកម្មប្រកួតអន្តរជាតិនេះ ត្រូវបានលោក ម៉ារ៉ា សុជាតិ លើកឡើងទៀតថា កីឡាករ កីឡាការិនីប៊ីយ៉ាកម្ពុជានឹងចូលរួមប្រកួតអន្តរជាតិបានយ៉ាងច្រើន តបតាមការអញ្ជើញពីសហព័ន្ធកីឡាប៊ីយ៉ាអាស៊ី និងសហព័ន្ធកីឡាពិភពលោក ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

លោក ម៉ារ៉ា សុជាតិ បានពន្យល់ថា វិញ្ញាសា HEYBALL គឺថ្មី ដែលត្រូវបានសហព័ន្ធអាស៊ី និងសហព័ន្ធពិភពលោក ដាក់បញ្ចូលក្នុងការប្រកួតជាផ្លូវការ និងសំខាន់ ដោយទទួលបានការទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិក។ មានន័យថា ពីមុន វិញ្ញាសា HEYBALL នេះ នៅក្រៅពីវិញ្ញាសាគោល ដូចជា ស្នូកឃ័រ ភូល និងការ៉ុម ជាដើម ហើយពេលនេះអន្តរជាតិបានដាក់បញ្ជូលវិញ្ញាសា HEYBALL ឱ្យចូលក្នុងការប្រកួតផ្លូវការដែរ។ វិញ្ញាសាថ្មីនេះ កម្ពុជាធ្លាប់ចូលរួមការប្រកួតនៅប្រទេសចិនកន្លងមកដែរ ហើយបើប្រៀបធៀបក្នុងតំបន់អាស៊ាននេះ គឺកម្ពុជាក៏មានចំណាត់ថ្នាក់ល្អមួយដែរ ខណៈប្រទេសថៃ ក៏ជាប្រទេសថ្មីមួយដែរ ដូច្នេះហើយទើបប្រទេសថៃខិតខំទទួលរៀបចំធ្វើម្ចាស់ផ្ទះ ក្នុងវិញ្ញាសា HEYBALL នេះ ដើម្បីត្រៀមស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសរបស់ខ្លួនផងដែរ។ វិញ្ញាសា HEYBALL នេះក៏នឹងត្រូវដាក់បញ្ជូលឱ្យប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ រៀងរាល់២ឆ្នាំម្តងរបស់កម្ពុជាផងដែរ។

ក្នុងនាមសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា NTដែលជួយឧបត្ថម្ភជាអាវយឺត អាវប្រកួត។ លោកសំណូមពរដល់អ្នកស្នេហាវិស័យកីឡាទាំងអស់សូមចូលរួមគាំទ្រដល់កីឡាករ កីឡាការិនីកម្ពុជា ដែលមានឆន្ទៈលេងកីឡាដើម្បីជាតិ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់នឹងប្រឹងប្រែងដណ្តើមមេដាយយកមកជូនជាតិ ដូចកាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ «សំណូមពរសំខាន់ជាងគេរបស់ខ្ញុំ សូមសប្បុរសជន បណ្តាក្រុមហ៊ុននានាដែលមានលទ្ធភាព ហើយស្រឡាញ់វិស័យកីឡា សូមជួបឧបត្ថម្ភគាំទ្រដល់ពួកយើងខ្ញុំ ទោះឧបត្ថម្ភផ្ទាល់ខ្លួនក្តី ឧបត្ថម្ភដល់សហព័ន្ធក្តី ដើម្បីឱ្យយើងខ្ញុំមានទុន ក្នុងការចូលរួមប្រកួតអន្តរជាតិធំៗកាន់តែមានកម្លាំងចិត្តកាន់តែខ្លាំង»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: