ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យបន្តការស្នើសុំសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េ រយៈពេល៦០ថ្ងៃទៀត

BY
Khmernote Media
August 23, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅកូរ៉េរយៈពេល ៦០ថ្ងៃទៀត ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមប្រសាសន៍របស់លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងពាក់ព័ន្ធនឹងដំណើរការផ្ដល់សេវាធ្វើលិខិតឆ្លងដែនធម្មតា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនៅសាធារណរដ្ឋកូរ៉េ យ៉ាងដូច្នេះថា៖ « សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតជាគោលការណ៍ គឺឱ្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បន្តធ្វើនីតិវិធីទទួលពាក្យស្នើសុំ វគ្គ៣ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសាធារណរដ្ឋកូរ៉េ បន្តថែមទៀត។»

លោកជំទាវ ជ្រឹង បុទុមរង្សី បានបន្ថែមទៀតថា៖ «វគ្គ៣នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី០៤ ខែកញ្ញា រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ អ៊ីចឹងហើយ សូមអំពាវនាវដល់បងប្អូន មេត្តារួសរាន់មកដាក់ពាក្យស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូន ហើយនេះជាដំណឹងដ៏ល្អមួយ ជូនដល់បងប្អូន និងជាកាដូរពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខ្វាយខ្វល់សុខទុក្ខ និងផ្ដល់ផលប្រយោជន៍ដល់បងប្អូន ហើយក៏កង្វល់ពីតម្រូវការ និងការស្នើសុំរបស់បងប្អូនផងដែរ ដូចនេះសូមបងប្អូនកុំភ្លេចមកដាក់ពាក្យដើម្បីស្នើសុំធ្វើលិខិតឆ្លងដែនច្បាប់ថ្មីនេះ នៅស្ថានឯកអគ្គរាជទូតកម្ពុជារបស់យើង»៕ ទស្សនាវីដេអូលម្អិតខាងក្រោម៖

ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관

Share This Post: