ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សិស្សពាក់ខោអាវចាស់ឬថ្មីមិនសំខាន់ទេ ព្រោះការអប់រំសំដៅលើការកសាងនូវមូលដ្ឋានក្នុងខ្លួនគឺចំណេះដឹងនិងឥរិយាបថ

BY
Khmernote Media
August 24, 2024

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោកនាយកសាលាត្រពាំងក្អែក ស្ថិតនៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ដែលចង់ពង្រឹងការអនុវត្តវិធានការជំរុញវិស័យអប់រំ (គ.វ.អ)ឱ្យល្អ ដូចសាលាបឋមសិក្សាវត្តរាជបូណ៌ខេត្តសៀមរាប ដែលសិស្សមានឯកសណ្ឋានល្អៗ ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកនាយកសាលាជាដំបូងមិនបាច់ប្រៀបសាលាណាទេ ត្រូវប្រៀបធៀបសិស្សខ្លួនឯងពីមុនការអនុវត្តសាលាគំរូនិងបច្ចុប្បន្ន តើមានអ្វីប្រែប្រួលល្អទេ បើល្អជាងមុននោះហើយជាជោគជ័យ។

ចំពោះការលើកឡើងរបស់លោកនាយកសាលាថា សាលារបស់លោកនៅតំបន់ដាច់ស្រយាល សិស្សមិនមានសម្លៀកបំពាក់ល្អដូចសាលានៅតាមទីប្រជុំជនទេនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា«អត់សំខាន់នៅជនបទឬនៅទីក្រុងទេ ការអប់រំសំដៅលើការកសាងនូវមូលដ្ឋានក្នុងខ្លួន ចំណេះដឹងហើយឥរិយាបថ ខោអាវមិនបាច់ទាល់តែលឿង មានលទ្ធភាពទិញខោអាវកីឡាដូចគេ ដូចឯងទេ ពាក់ខោអាវល្អមិនប្រាកដថា រៀនពូកែ និងឥរិយាបថល្អទេ អ្នកខ្លះមានលុយ ឪពុកម្ដាយច្រើន ប៉ុន្តែអត់ទៅរៀនទេ អាកប្បកិរិយាមិនល្អ យើងរៀនគោលដៅសំខាន់កសាងធនធានមនុស្ស ទៅជាមនុស្សល្អ ពាក់អាវអីក៏នៅតែពូកែ»។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានសាកសួរលោកគ្រូ អ្នកគ្រូពីការបន្ថែមម៉ោងការសិក្សាសម្រាប់បំប៉នសិស្សលើមុខវិជ្ជាគណិត និងភាសាខ្មែរផងដែរ។

សូមជម្រាបជូនថា ការរៀបចំដាក់ឱ្យអនុវត្តជំហានសាកល្បង នូវកម្មវិធីសិក្សាបន្ថែម (ឬក្រៅម៉ោង) រយៈពេល ២ម៉ោង ក្នុងមួយថ្ងៃ នៅតាមសាលាបឋមសិក្សាមួយចំនួន ដើម្បីពង្រឹងគុណភាពនៃការអប់រំថ្នាក់មូលដ្ឋាន។ នេះគឺជាជំហានមួយ សម្រាប់ការអនុវត្តវិធានគន្លឹះរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ពង្រឹងការអប់រំកម្រិតមូលដ្ឋាននៅតាមសាលារដ្ឋ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: