សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនចង់ឃើញកូនខ្មែរហៅ ឪពុកម្ដាយ ល្ងីល្ងើ ឬ ឆ្កួត ដូចកូនខ្មែរខ្លះកើតនៅបរទេសទេ
- August 24, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ចូលរួមបង្ហាត់បង្រៀនកូនចៅឱ្យមានទម្លាប់ល្អ ចេះគោរពចាស់ទុំ ទម្លាប់រស់នៅស្អាត ចេះបត់មុងភួយខ្នើយកន្ទេល បន្ទាប់ពីក្រោកពីដំណេក និងសំពះឪពុកម្ដាយពេលទៅនិងមកពីសាលារៀនវិញ។

ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយសិស្ស នៅសាលាបឋមសិក្សាត្រពាំងក្អែក ស្ថិតនៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ នាព្រឹកថ្ងៃទី២៤ ខែសីហានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបណ្ដុះកុមារឱ្យមានវិន័យតាំងពីតូចៗនេះហើយជារឿងសំខាន់ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សល្អសម្រាប់សង្គម។ លើសពីនេះ ទៅទៀត សម្ដេចធិបតី ចង់ឱ្យកូនខ្មែរមានចរិតថ្លៃថ្នូរមិនប្រើពាក្យអសុរសចំពោះឪពុកម្ដាយ និង ចាស់ទុំដោយសម្ដេចបានលើកឡើងថា «ខ្ញុំមិនចង់ឱ្យឃើញកូនខ្មែររៀននៅស្រុកខ្មែរហៅឪពុកម្ដាយ ហៅអី ល្ងីល្ងើនោះទេ អត់បានទេ រឿងនេះខ្ញុំធ្លាប់ឃើញកូនខ្មែរនៅអាម៉េរិក ខ្ញុំមិនចង់ឱ្យឃើញកូនខ្មែរនៅស្រុកខ្មែរ ហ៊ាន ទោះបីជាឪពុកម្ដាយ ជួនកាលគាត់មានរបៀបរបបគាត់មិនទាន់ចេះអង់គ្លេសអីក៏ដោយ មិនអាចឱ្យកូនខ្មែរហាមាត់ហៅឪពុកម្ដាយបែបនេះ គឺយើងត្រូវអប់រំគាត់ វិវត្តិន៍ម៉េចក៏ដោយ ត្រូវតែមានអត្តសញ្ញាណខ្មែរ ខ្ញុំឃើញ ខ្ញុំធ្លាប់រស់នៅសហរដ្ឋអាមេរិក នៅអង់គ្លេស កូនខ្មែរយើងខ្លះកើតនៅនោះ គាត់រៀនវប្បធម៌គេ គាត់ចេញមក ឪពុកម្ដាយមិនស្រួលជេរឪពុកម្ដាយឆ្កួតទៀត ព្រោះឪពុកម្ដាយជួនកាលគាត់របៀបរបបគាត់ខ្មែរ ទំនៀមទម្លាប់ ក្មេងឥរិយាបថវប្បធម៌ផ្សេង ដល់មកកូនខ្មែរត្រូវប្រកាន់ទោះត្រូវវវិត្តន៍កម្រិតណា ត្រូវបន្តអត្តសញ្ញាណ ហេតុនេះហើយត្រូវបណ្ដុះបណ្ដាលអប់រំ»។
សូមជម្រាបជូនថា សាលាបឋមសិក្សាត្រពាំងក្អែក ស្ថិតនៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ទើបតែរៀបចំដាក់ឱ្យអនុវត្តជំហានសាកល្បងនូវកម្មវិធីសិក្សាបន្ថែម (ឬក្រៅម៉ោង) រយៈពេល ២ម៉ោង ក្នុងមួយថ្ងៃ បានរយៈពេលបីខែតែប៉ុណ្ណោះ។
ការអនុវត្តជំហានសាកល្បងនូវកម្មវិធីសិក្សាបន្ថែមនេះ ទទួលបានការសាទរយ៉ាងខ្លាំងពី លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ និងសិស្សានុសិស្ស ព្រោះបានផ្លាស់ប្ដូរឥរិយាបថសិស្សឱ្យមានទម្លាប់ល្អ ស្ដាប់បង្គាប់ឪពុកម្ដាយ និងលោកគ្រូអ្នកគ្រូកាន់តែប្រសើរ និងរៀនពូកែជាងមុន៕











ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






