អ្នកសារព័ត៌មានអាចមកទទួលសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឆាប់ៗនេះ នៅក្រសួងព័ត៌មាន
ក្រសួងព័ត៌មាននឹងចាប់ផ្តើមចែកចាយសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ខណៈការបោះពុម្ពចំនួន២ម៉ឺនច្បាប់នឹងចេញពីរោងពុម្ពឆាប់ៗនេះដើម្បីចែកជូនដល់ អ្នកសារព័ត៌មាននិង អ្នកពាក់ព័ន្ធទាំងអស់ ដោយឥតគិតថ្លៃ។ នេះបើយោងតាមមន្ត្រីខុទ្ទកាល័យក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦សីហានេះ។

គម្រោងចែកចាយសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ បានប្រកាសឡើងកាលពីថ្ងៃទី២៣សីហា ដើម្បីជូនអ្នកសារព័ត៌មាន និងអ្នកធ្វើការងារពាក់ព័ន្ធក្នុងវិស័យសារព័ត៌មាន សម្រាប់យកទៅអាននិង អនុវត្ត ក្នុង គោលបំណងតម្រង់ទិស អ្នកសារព័ត៌មាន កុំឱ្យដើរហួស ដែនកំណត់នៃច្បាប់ និង សិទ្ធិ ដែលខ្លួនមាន និង ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់កាលពីចុងសប្តាហ៍នេះថា« ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា » នេះវាគឺជាមូលដ្ឋានគ្រឹះ នៃ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដែល សមាគម និង អង្គភាពសារព័ត៌មាន អាចយក ទៅធ្វើជាមូលដ្ឋានក្នុងការពង្រីក និង បង្កើតជា ក្រមសីលធម៌ សម្រាប់ការអនុវត្តសម្រាប់ សមាគម អង្គភាពសារព័ត៌មានរបស់ខ្លួន ។
សូមរំលឹកថា ក្រសួងព័ត៌មានបានដំណើរការរៀបចំ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នេះចាប់តាំងពី ខែមេសា ឆ្នាំ ២០២៤ មក ដោយបើកទូលាយ និង ប្រកបដោយបរិយាបន្ន តាមរយៈបើកឱកាសអោយមានការចូលរួម យ៉ាងច្រើន ពី អ្នកសារព័ត៌មាន អង្គភាព សារព័ត៌មាន សមាគម អ្នកសារព័ត៌មាន នៅកម្ពុជា និង អង្គការ ដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរ យោបល់ការលើកឡើងជា សំណូមពរ យ៉ាង ទូលំទូលាយ ព្រមទាំង បាន ផ្តល់នូវ ធាតុចូល សម្រាប់ការរៀបចំ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ឡើង ក្នុង គោលបំណង រួមគ្នា រៀបចំសណ្តាប់ធ្នាប់ និង លើកកម្ពស់គុណ តម្លៃ វិជ្ជាជីវៈសារព័ត៌ មាននៅកម្ពុជា ។
ក្រោយពេលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការ កាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០២៤ មានសមាគមសារព័ត៌មាន ជាច្រើនបានបង្ហាញ ពី ការគាំទ្រ ចំពោះធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន នេះ ថាមានខ្លឹមសារ ដ៏សំខាន់ ពាក់ព័ន្ធ ជាមួយ ក្រមសីលធម៌ និង វិជ្ជាជីវៈ អ្នកសារព័ត៌មាន សម្រាប់យកទៅអនុវត្ត ក្នុងបេសកកម្ម ប្រកប អាជីព ក្នុង វិស័យសារព័ត៌មាន ដើម្បីធ្វើការចុះ យកព័ត៌មាន និង ធ្វើការផ្សព្វផ្សាយ ដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និង គុណភាព ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានប្រាប់ក្រុមការងារផ្សព្វផ្សាយតាមប្រព័ន្ធអ៉ីនធើណេតក្រសួងព័ត៌មាន(MoINFO APP)ដោយលើកអំពីចំណុចពិសេសៗនិងកត្តាតម្រូវការអោយមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះនៅកម្ពុជា។
ទន្ទឹមនេះ លោកពុយគាបានលើកឡើងថាសមាគម នឹងដកស្រង់ចំណុចល្អៗនៅក្នុងធម្មនុញ្ញនេះ ចាប់បញ្ចូលគ្នាជាមួយក្រមសីលធម៌និងវិជ្ជាជីវៈរបស់ក្លិបដែលមានពីមុនមកដើម្បីពង្រឹងគុណភាពលើវិជ្ជាជីវៈនិងក្រមសីលធម៌អ្នកសារព័ត៌មានអោយកាន់តែខ្ពស់បន្ថែមទៀត។
នេះជាលើកទី ១ ហើយដែលកម្ពុជាមាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជា មូលដ្ឋានគ្រឹះ នៃ ក្រមសីលធម៌ វិជ្ជាជីវៈ ដែលត្រូវបាន បង្កើតឡើង ដោយអ្នកសារព័ត៌មាន ដើម្បី អ្នកសារព័ត៌មាន និង សម្រាប់អ្នកសារព័ត៌មាន ដើម្បីចូលរួមគ្រប់គ្រង លំហព័ត៌មាន សំដៅធានាសន្តិសុខព័ត៌មាន ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យស្រប តាមសម័យកាល និងតម្រូវការក្នុងសង្គមបច្ចុប្បន្ន និងទៅអនាគត។
សូមរំលឹកថាធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នេះ មាន៤ជំពូក ដែលជំពូកទី១ចែងអំពីគោលបំណង វិសាលភាព និងនិយមន័យ។
ជំពូកទី២ចែងអំពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន។
ជំពូកទី ៣ ចែងអំពីសិទ្ធិ ករណីយកិច្ច និងការគាំពារ។
និងជំពូកទី ៤ចែងអំពីការទទួលខុសត្រូវរបស់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ក្នុងក្របខណ្ឌនៃការងារប្រចាំថ្ងៃ៕ ប្រភព៖ ក្រសួងព័ត៌មាន
