មន្រ្តីនគរបាលចរាចរណ៍ម្នាក់នៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ
(ភ្នំពេញ)៖ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកម្នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបាននាំខ្លួនមកបំភ្លឺ ជុំវិញករណីហៅកង់៣បម្រុងផាកពិន័យ ទាំងមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ យោងតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក០១នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ដើម្បីរង់ចាំការស្រាវជ្រាវបន្ថែមទៀត និងសូមឲ្យអ្នកបើកបរម៉ូតូកង់០៣(ផាស់អាប់)ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ក្រោយពីមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្តាញសង្គមពីការចោទប្រកាន់របស់បុរស០១នាក់ជាអ្នកបើកបរម៉ូតូកង់០៣ (ផាស់អាប់) ចំពោះមន្រ្តីនគរបាលចរាចរណ៍នៅគោលដៅស្តុបបុរីអង្គរ កាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៤ ថាបានចាប់ឃាត់ម៉ូតូកង់០៣គាត់បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះគាត់បានតវ៉ាបង្ហាញកាមេរ៉ាទើបមន្រ្តីនគរបាលចរាចរណ៍មិនផាកពិន័យនិងបានអនុញ្ញាតឲ្យគាត់បន្តដំណើរ។

ក្រុមការងារព័ត៌មានប្រតិកម្មរហ័សសូមណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមុននឹងផុសព័ត៌មានតាមបណ្តាញសង្គម ក្នុងករណីមន្រ្តីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅណាមួយដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានកំហុសឆ្គងចំពោះប្រជាពលរដ្ឋដោយប្រការណាមួយ ហើយប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដោះស្រាយជូនប្រជាពលរដ្ឋ៕

