ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តតាកែវ អំពាវនាវពលរដ្ឋមកទស្សនាដែនជីវៈចម្រុះ សត្វស្លាបនៅតំបន់អភិរក្ស និងការពារទេសភាពបឹងព្រែកល្ពៅ

    BY Naren August 26, 2024
    អភិបាលខេត្តតាកែវ អំពាវនាវពលរដ្ឋមកទស្សនាដែនជីវៈចម្រុះ សត្វស្លាបនៅតំបន់អភិរក្ស និងការពារទេសភាពបឹងព្រែកល្ពៅ

    (តាកែវ)៖ យោងតាមក្រសួងព័ត៌មាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធចុះ ទស្សនៈកិច្ចនៅតំបន់អភិរក្ស និងការពារទេសភាពបឹងព្រែកល្ពៅ ដែលមានទីតាំងស្ថិតនៅស្រុកចំនួន២គឺ ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ។

    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកទស្សនាដែនជីវៈចម្រុះសត្វស្លាបដែលមានជាច្រើនប្រភេទដែលកំពុងរស់នៅ និងត្រូវបានអភិរក្ស នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅអោយកាន់តែច្រើន ដើម្បីរួមចំណែកលើកស្ទួយតំបន់អភិរក្សធនធានធម្មជាតិ និងសំដៅលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះកាន់តែមានជីវភាពប្រសើរឡើងថែមទៀត។

    ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជា តំបន់អភិរក្សធនធានធម្មជាតិ ជីវៈចម្រុះសត្វស្លាប ដែលមានសត្វរស់នៅជាង១៣២ប្រភេទ កំពុងត្រូវបានអភិរក្ស និងសត្វដែលជិតផុតពូជនៅលើពិភពលោក កំពុងមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រស់ចាំបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ មកទស្សនា ។ក្រៅពីមកទស្សនាសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវក៏មានតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្តជាច្រើនទៀត សម្រាប់មកលេងកម្សាន្ត និងសិក្សាស្រាវជ្រាវផងដែរ។

    បើតាមការបញ្ជាក់ពីលោក ហុង ភារៈ នាយកតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីសរុបជាង៨ពាន់ហិតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត ដែលមានសត្វស្លាបរស់នៅប្រមាណជាង១៣២ប្រភេទ និងសត្វកម្រដែលជិតផុតពូជ រួមមាន៖ សត្វចង្កៀងខ្យង សត្វគ្រៀល និងសត្វជាច្រើនប្រភេទទៀត ។

    កន្លងមកនេះមន្ត្រីឧទ្យានុរក្សបានសហការជាមួយកំលាំងសមត្ថកិច្ចក្នុងមូលដ្ឋាន អង្គការដៃគូ ចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ៕

    Share This Post: