ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមៗ! ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ប្រកាសឱ្យប្រជាពលរដ្ឋ ចូលកម្សាន្តដោយឥតគិតថ្លៃសំបុត្រ រៀងរាល់ចុងសប្តាហ៍ ពីខែកញ្ញា ដល់ខែធ្នូ

    BY Khmernote Media August 26, 2024
    ត្រៀមៗ! ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ប្រកាសឱ្យប្រជាពលរដ្ឋ ចូលកម្សាន្តដោយឥតគិតថ្លៃសំបុត្រ រៀងរាល់ចុងសប្តាហ៍ ពីខែកញ្ញា ដល់ខែធ្នូ

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រាបានប្រកាសបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃសំបុត្រ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤។

    ការប្រកាសនេះគឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិផងដែរ។

    នាយិការូបនេះ បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្ទៃដី ដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ហិកតា ក្នុងគោលបំណងរៀបចំស្តាររមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។ បច្ចុប្បន្នការគ្រប់គ្រងនៃតំបន់រមណីយដ្ឋាននេះ គឺបានស្តារឡើងវិញនូវផលអវិជ្ជមានកន្លងមក គឺស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្តល់ការងារដល់អ្នកក្នុងតំបន់ ចំណាកស្រុក និងបងប្អូនជនជាតិភាគតិច សរុបបុគ្គលិកចំនួន ៣០នាក់ ផ្តល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥គ្រួសារ ផ្តល់កន្លែងលក់ដូរជូនជនជាតិភាគតិចដោយមិនគិតថ្លៃ ចំនួន ៥០ គ្រួសារ។

    ទន្ទឹមនេះ ក្រុមហ៊ុនមានគម្រោងសាងសង់បន្ថែមរួមមាន សេវាកម្មជិះម៉ូតូកង់បួនទេសចរណ៍ (ATV) ទៅទស្សនាទឹកធ្លាក់ជាន់ទី៣, សាងសង់រានហាលកញ្ចក់ទស្សនាទឹកជ្រោះ, សាងសង់ សួនសង្រ្គោះសត្វព្រៃ ដែលនឹងនាំមកនូវបទពិសោទថ្មី ដើម្បីឈ្វេងយល់អំពីសត្វព្រៃ ដែលនឹងរួចរាល់ក្នុងពាក់កណ្តាលឆ្នាំ២០២៥ ស្របពេលដែលក្រសួងអភិវឌ្ឍន៍ជនបទ ក៏នឹងចូលរួមចំណែក ក្នុងការស្ថាបនាឡើងវិញនូវផ្លូវចូលក្នុងរមណីយដ្ឋានផងដែរ។

    សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់ជាមធ្យោបាយដឹកជញ្ជូន និងម្ហូបអាហារជូនប្រជាពលរដ្ឋទៅកាន់ខេត្តមួយចំនួននៅភាគឦសានមានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយមិនគិតថ្លៃ សម្រាប់ថ្ងៃចុងសប្តាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សនិស្សិត មើលឃើញពីការអភិវឌ្ឍយ៉ាងច្រើននៃខេត្តទាំង៤នេះ។ គម្រោងទស្សនកិច្ចនៅក្នុងខេត្តទាំងបួនជាប់ព្រំដែនជាមួយវៀតណាម និងឡាវ មានគោលដៅបង្ហាញឱ្យប្រជាពលរដ្ឋមើលឃើញពីកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)។

    សូមជម្រាបថា ការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បើកឱ្យប្រជាពលរដ្ឋចូលទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយមិនគិតថ្លៃ សម្រាប់ថៃ្ងសៅរ៍ និងថ្ងៃអាទិត្យ មានរយៈពេល៤ខែ ដោយគិតចាប់ពី ខែកញ្ញាទៅដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រគំនិតផ្តូចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: