ព័ត៌មានជាតិ

ក្រុមរថយន្ត Off- Road កម្ពុជា បញ្ចប់ដំណើររាប់ពាន់គីឡូ​ម៉ែត្រ នៅ​ខេត្តត្រីកោណអភិវឌ្ឍន៍

BY
Khmernote Media
August 26, 2024

ខេត្តស្ទឹង​ត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមរថយន្ត Off- Road កម្ពុជា បានចាប់ផ្តើមពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ជាមួយរថយន្ត Off- Road ចំនួន៣០ គ្រឿងនិងសមាជិក១៥០នាក់ដឹកនាំ ដោយឯកឧត្តម ទៀ ស្យាម ប្រធានក្លឹបមហាគ្រួសាររថយន្ត Off-Road កម្ពុជា, ក្បួនរថយន្ត Off-Road មកពីគ្រប់ខេត្តបានធ្វើដំណើរទៅចូល​រួម​ផ្សព្វ​ផ្សាយ​ពីសក្តានុពលធនធានធម្មជាតិខេត្តទាំងបួន គឺខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី និងខេត្តស្ទឹងត្រែង បានបញ្ចប់ នៅ​ខេត្តស្ទឹង​ត្រែង ដែល​ខេត្តភូមិភាគឦសាន កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ទៀ ស្យាម មានប្រសាសន៍ពេលបិទបញ្ចប់ថា ក្រុមរថយន្ត Off-Road ខ្លះមិនបានធ្វើដំណើរពីភ្នំពេញ​ជាមួយ​គ្នាមែន តែពួក​គេបានចាំស្វាគមន៍ និងធ្វើដំណើរជាមួយយើងជុំវិញបួនខេត្ត បង្កើនភាពអ៊ូអរ ស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព ជាមហា​គ្រួសារ​រថយន្ត Off-Road ចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធនធាន​ធម្មជាតិ។ ឯកឧត្តមប្រធាន បន្តថា ដំណើរកម្សាន្តនេះ បានបង្ហាញ​ពីការ​យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពីការរៀបចំខ្សែក្រវាត់ព្រំដែន និងបង្គោលព្រំដែនយ៉ាងជាក់លាក់ត្រឹមត្រូវ ដើម្បីឱ្យ​ពួក​យើងជាកូន​ចៅជំនាន់ក្រោយបានដឹង និងស្គាល់ច្បាស់ពីខ្សែបន្ទាត់ព្រំដែនដែលមាន​តាំងពីជំនាន់មុនៗមក។

ឯកឧត្តម ទៀ ស្យាម បានបង្ហាញពីការកត់សម្គាល់នូវភាពរីកចម្រើន​ទាំងខាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សេដ្ឋកិច្ច សង្គម និងវប្បធម៌​រស់នៅ​របស់ប្រជាជននៃខេត្តនីមួយៗ ពិសេស គឺសក្តានុពលអេកូទេសចរណ៍ និងតំបន់ជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ។

សូមជម្រាបថា ខេត្តទាំងបួននៃដំណើរទៅដល់របស់ក្បួនរថយន្ត Off -Road កម្ពុជាគឺជាខេត្តដែលស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

តាមរយៈសេចក្តីថ្លែងការណ៍ពិសេសនារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តប្រជាពលឱ្យទៅកម្សាន្ដនៅខេត្តទាំងបួន ។ពិសេសចាប់ពីខែកញ្ញាតទៅ នៅរៀងរាល់ចុង​សប្ដាហ៍​នឹងមានការរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃរហូតដល់ចុងឆ្នាំ២០២៤ ដើម្បីមើលឃើញពីការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែន​៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: