ដំណឹងល្អ! ក្រុងបាត់ដំបងនឹងមានផ្លូវសម្រាប់អ្នកជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការឆាប់ៗ
- August 27, 2024
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងកំពុងរៀបចំផ្លូវថ្មើរជើងសម្រាប់ជនពិការ ផ្លូវសម្រាប់ជិះកង់ និងបំពាក់ភ្លើងសូឡាបំភ្លឺតាមបណ្តាសួនបន្ថែមទៀតក្នុងក្រុងបាត់ដំបង ដើម្បីបំភ្លឺសាធារណៈដើម្បី បង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងដើរកំសាន្តនិងហាត់កីឡាដើម្បីសុខភាព។

លោក សុវណ្ណ វីទិត្យាប្រធានស្តីទីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានអមដំណើរជាមួយឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំគម្រោងខាងលើនេះកាលពីព្រឹកថ្ងៃទី២៧ខែសីហាបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញបានចុះសិក្សាមើលទីតាំងផ្ទាល់ ដើម្បីរៀបចំអនុវត្តគម្រោងខាងលើនេះឆាប់ៗ។
លោកបន្ថែមថា ការរៀបចំផ្លូវសម្រាប់ជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការនេះ នឹងធ្វើចាប់ពីស្ពាន១៣មករាមុខសាលាខេត្តចាស់ អមសងខាងស្ទឹងសង្កែរហូតដល់ ស្ពានថ្មថ្មី ដោយមានគំនូសបែងចែកផ្លូវសម្រាប់អ្នកជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការ។ ទន្ទឹមនោះនឹងបំពាក់អំពូលភ្លើងសូឡាបន្ថែមទៀតនៅតាមសួនច្បារនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ជិះកង់ និងដើរកំសាន្ត ស្រូបខ្សល់អាកាស និងមើលទេសភាព ដើមឈើពណ៌បៃតងស្រស់បំព្រងនូវជុំវិញស្ទឹងសង្កែ។
លោក សុវណ្ណ វីទិត្យាបន្ថែមថាគម្រោងខាងលើនេះក៏ បង្កលក្ខណៈងាយស្រួល និងទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋ មកធ្វើការហាត់ប្រាណ ទាំងមធ្យោបាយជិះកង់ និងដើរថ្មើជើង អមសងខាងស្ទឹងសង្កែ ដើម្បីលើកកម្ពស់សុខភាពសាធារណៈកាន់ តែប្រសើរឡើង ។
កន្លងទៅនេះរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការអភិវឌ្ឍន៍សមិទ្ធផលជាច្រើននៅក្នុងក្រុងបាត់ដំបង ដូចជាវិមានឯករាជ្យ វីថីសម្តេចក្រឡាហោម សួនសម្តេចក្រឡាហោមវិមានឯករាជ្យ សួនធ្នុង ផ្សារាត្រី ច្រាំងស្ទឹងសង្កែ រៀបចំសណ្តាប់ធ្នាប់សាធារណៈ គម្រោងផ្ទះមួយខ្នងដើមឈើមួយដើម នឹងកំពុងរៀបចំប្រព័ន្ធលូរំដោះទឹកកង្វក់ចេញពីក្រុង ព្រមទាំងសមិទ្ធិផលជាច្រើនទៀត ៕






ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






