ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់និងគាំទ្រ តាមគ្រប់មធ្យោបាយ លើមនុស្សចាស់

BY
Khmernote Media
August 27, 2024

រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់និងគាំទ្រតាមគ្រប់មធ្យោបាយ លើមនុស្សចាស់ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារាចរ ស្តីពីការរៀបចំទិវាមនុស្ស ចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៤ បានឱ្យដឹងថា ដើម្បីរៀបចំទិវាមនុស្សចាស់ កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំឱ្យកំណត់ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្ស ចាស់អន្តរជាតិលើកទី២៦ ត្រូវបានកំណត់ថា «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល»។

សម្តេចធិបតី បានបន្តថា ក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយអ្នកដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ឱ្យបានអធិកអធម។ ចំណែកឯ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួមចំណែកតាមគន្លង ប្រក្រតីភាពថ្មី ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០។

សម្តេចធិបតី បានបន្តទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់កិច្ចអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់ បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការ ដែលបានកំណត់ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគម មនុស្សចាស់ដែលមានស្រាប់។ បន្ថែមពីនោះទៀត គ្រប់ក្រសួង ស្ថាប័ន ដែលមានសមាសភាពក្នុងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវរៀបចំបង្កើតក្រុមការងារទទួលបន្ទុកការងារមនុស្សចាស់ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០។

សម្តេចធិបតី បានបន្ថែមថា គ្រប់ក្រសួង ស្ថាប័ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវចុះសំណេះ សំណាលជាមួយមនុស្សវ័យចាស់ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។ សម្តេចធិបតី បានបន្ថែមទៀតថា ក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានរដ្ឋនិងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ រីឯ ក្រសួងធម្មការ ត្រូវធ្វើការណែនាំចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការក្រីក្រ គ្មានទីពឹង ដើម្បីឱ្យអ្នកទាំងនោះអាចស្នាក់នៅ សមរម្យ មានអាហារទទួលទាន អាចសម្រាន្តលក់ស្ងប់អារម្មណ៍ តាំងសមាធិ និងសមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗទៀតជាបន្តបន្ទាប់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: