ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

BY
Khmernote Media
August 28, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) ។

គោលបំណងនៃការចុះត្រួតពិនិត្យ
– ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក ( Mpox clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នក ដំណើរទាំងអស់។
– ពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។
– ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់ ។
– ក្រុមការងារបានឯកភាពបន្ថែម ម៉ាស៊ីនស្កែនកំដៅ នឹងរៀបចំ តំទ្បើងរូបភាព សារជាវីដេអូសំខាន់ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox) ។

ក្នុងនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តមតំណាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុនបារាំង និងសហការី តំណាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) ព្រមទាំងក្រុមការងារចត្តាទ្បីស័ក ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: