កែទម្រង់ថ្មី! ដើម្បីបង្កភាពងាយស្រួលជូនភ្ញៀវទេសចរណ៍ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ ភ្ញៀវទេសចរបរទេស មិនតម្រូវឱ្យផ្ដល់ព័ត៌មានទៀតទេ ចាប់ពីចុងខែកញ្ញានេះតទៅ
- August 29, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩៖០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី “ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ថ្នាក់ ដឹកនាំជាន់ខ្ពស់, ឯកឧត្តមអគ្គនាយក, ឯកឧត្តមប្រធាន អនុប្រធាន រួមទាំង សមាជិកក្រុមប្រឹក្សាភិបាលនៃ គ្រឹះស្ថានអង្គរ ផងដែរ ។

ដើម្បីបង្កភាពងាយស្រួលជូនភ្ញៀវទេសចរណ៍បន្ថែមទៀត, កិច្ចប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖
១-សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានរបស់ ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូល ទិញបណ្ណទស្សនារមណីយដ្ឋានអង្គរពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។
២-សម្រាប់បណ្ណទស្សនារយៈពេល ៣ថ្ងៃ និង ៧ថ្ងៃ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណ ចូលទស្សនា រហូតដល់ចុងឆ្នាំ ២០២៤។
៣-កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ។
៤-ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់បណ្ណ៖ ដោយប្រើ Self- Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក។
៥-គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការផ្តល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ។
៦- បង្កើតក្រុមការងារចម្រុះ ពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែរទម្រង់បណ្ណចូលទស្ស នារមណីយដ្ឋានអង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តទៅ ៕





ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance
- Share This Post:






