ព័ត៌មានជាតិ

មន្ត្រីជំនាញ រកឃើញបំណែកសាច់មាន់ និងសាច់ទាបង្កកជាង ៤តោន នាំចូលពីប្រទេសថៃ ត្រូវបានយកទៅដុតកម្ទេចចោល

BY
Khmernote Media
August 30, 2024

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួន ៣ករណី ស្មើនឹង ៤ ២៣៩ គីឡូក្រាម ដូចខាងក្រោម៖

១-ចុងស្លាបមាន់ និងគ្រឿងក្នុងមាន់បង្កក ២៣៩គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់បង្កប់ក្នុងទំនិញដទៃ នាំចូលពីប្រទេសថៃ តាមផែស្ងួតដូង។

២-ជើងទាបង្កក ១ ៦០០គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

៣-ចុងស្លាបមាន់បង្កក ២ ៤០០គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៕

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

Share This Post: