ក្រសួងព្រះបរមរាជវាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល បានទទួលមរណភាព ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ
- September 2, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងព្រះបរមរាជវាំង សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរម រាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទ ក្រហមកម្ពុជា បានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨៖៣៥នាទី ព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។
សព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សសិបប្រុសទីតូ (២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាប និងមេត្តាអញ្ជើញចូលរួមក្នុងពិធីបុណ្យសព ខាងលើតាមសទ្ធាជ្រះថ្លា ៕




- Share This Post:






