ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រជាពលរដ្ឋផុលផុសចុះឈ្មោះ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន

BY
Khmernote Media
September 3, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែកញ្ញានេះថា ប្រជាពលរដ្ឋនិងយុវជនបានផុលផុសចុះឈ្មោះដើម្បី ចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ហើយរហូតមកទល់ពេលនេះមានចំនួនជាង ៧០០នាក់ហើយ។ ការចុះឈ្មោះនេះ ធ្វើឡើងតាមរយៈអនឡាញ ដោយស្កេន QR Code ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានអោយដឹងថា អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល មានកិត្តិយសបានរៀបចំដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជា ពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។

សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ ១. មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ និង ២. រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។ ទស្សនកិច្ចទិសឦសានលើកទី១ នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្ត ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី» ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចទិសឦសាន នេះធ្វើឡើងជាការឆ្លើយតបចំពោះក្រុមប្រឆាំងដែលឃោសនាបំពុលប្រជាពលរដ្ឋខុសពីការពិតថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍នៅតំបន់ត្រីកោណ បានធ្វើអោយខ្មែរបាត់បង់ដី៤ខេត្តទៅអោយប្រទេសវៀតណាម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: