គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទ នៅជិតទីតាំងប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ
- September 3, 2024
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីគ្រឹះស្ថានអង្គរ មិនតម្រូវឱ្យថតរូប និងព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរអន្តរជាតិ សម្រាប់ការទិញសំបុត្រចូលទស្សនាប្រាសាទរយៈពេល ០១ថ្ងៃ គ្រឹះស្ថានអង្គរ ក៏នឹងគ្រោងដាក់ម៉ាស៊ីនលក់សំបុត្រ នៅជិតទីតាំងប្រាសាទ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រដោយខ្លួនឯងបាន និងជ្រើសរើសក្រុមប្រាសាទ ដែលពួកគេចង់ទស្សនា។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្ដម លី សែ បញ្ជាក់ថា ម៉ាស៊ីនស្វ័យប្រវត្តិនេះ ដើម្បីងាយស្រួលដល់ឱ្យភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅគ្រឹះស្ថានអង្គរ ដែលគ្រោងនឹងចាប់ពីដើមខែតុលាខាងមុខនេះ។ សម្រាប់គម្រោងនេះដែរ ជាឧទាហរណ៍ ភ្ញៀវទេសចរចង់ទស្សនាក្រុមប្រាសាទ A មានប្រាសាទអង្គរ និងប្រាសាទបាយ័ន ប្រាសាទក្រុម B មានប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រី ហើយដាក់តម្លៃក្រុមប្រាសាទនោះចំនួនប៉ុន្មាន ហើយការលក់បែបនេះមិនមានការតំឡើងថ្លៃទេ គឺងាយស្រួលអ្នកទេសចរពេញចិត្តទស្សនាប្រាសាទណាមួយទៅវិញ។ ក្នុងនោះក្រុមការងារនឹងចងក្រងវាយតម្លៃចំណាត់ថ្នាក់ប្រាសាទ ដោយដាក់ជាក្រុមចំនួន១៧ក្រុមប្រាសាទ ដោយគ្រោងនឹងអនុវត្ដនៅដើមឆ្នាំ២០២៥ខាងមុខនេះ។
សូមបញ្ជាក់ថា គ្រឹះស្ថានអង្គរ បានសម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានភ្ញៀវទេសចរដូចជា រូបថត សញ្ញាតិ ក្រុមអាយុ និងភេទសម្រាប់ទេសចរដែលទិញបណ្ណទស្សនារយៈពេល ១ថ្ងៃ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។ ដោយឡែកសម្រាប់ទេសចរដែលទិញបណ្ណទស្សនារយៈពេល ៣ថ្ងៃ និង៧ថ្ងៃ ត្រូវបន្តអនុវត្តការថតរូបសម្រាប់បណ្ណទស្សនារហូតដល់ចុងឆ្នាំ២០២៤។ គ្រឹះស្ថានអង្គរក៏កំពុងពិនិត្យលទ្ធភាព និងនីតិវិធីបន្ថែមដើម្បីសម្រួលដល់ការទិញបណ្ណទស្សនា និងការត្រួតពិនិត្យបណ្ណទស្សនា ដោយចាប់យកប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗបន្ថែមផងដែរ៕






- Share This Post:






