មូលនិធិជនពិការ អំពាវនាវដល់បុគ្គលឯកជនដែលដើររៃថវិកានៅតាមស្ដុប និងទីកន្លែងសាធារណៈ បញ្ឈប់ការប្រើឈ្មោះ «មូលនិធិជនពិការ» នៅលើហិប ឬផ្ទាំងបដា
- September 4, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមការងារអ្នកនាំពាក្យរបស់មូលនិធិជនពិការ គូសបញ្ជាក់ កន្លងមកនេះមានការភាន់ច្រឡំពីសំណាក់សាធារណៈជនលើសកម្មភាពរបស់បុគ្គលឯកជន មួយចំនួនដើររអង្គាសថវិកានៅតាមស្តុប ផ្សារ តំបន់ទេសចរណ៍ និងទីកន្លែងសាធារណៈនានា ដោយបាន ប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» ដាក់នៅលើហិបរៃអង្គាសថវិការបស់ខ្លួន។ មូលនិធិជនពិការ គឺជាគ្រឹះស្ថាន សាធារណៈរដ្ឋបាលរបស់រដ្ឋ គឺមិនមានកម្មវិធីដើរចល័តរៃអង្គាសថរិកានៅតាមទីតាំងខាងលើទេ ដែលនេះវាធ្វើ ឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យខាងលើ បានលើកឡើងថា មូលនិធិជនពិការ មានភារកិច្ចក្នុងការកៀរគរថវិកាសម្រាប់យកមក ជួយដល់ជនមានពិការភាពក្រីក្រតាមរយៈការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការដែលមានឈ្មោះ និងរូបសញ្ញារបស់មូលនិធិជនពិការនៅលើហិបទាំងនោះ ស្របតាមបែបបទ និងនីតិវិធីដែលមានចែង។ ការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌នេះ គឺមូលនិធិជនពិការបានដាក់នៅតាមវត្តអារាម ទីសក្ការៈបូជា ផ្សារ រមណីយដ្ឋាន ភោជនីយដ្ឋាន ធនាគារ សណ្ឋាគារ កាស៊ីណូ និងរោងចក្រ។
មូលនិធិជនពិការ សូមអំពាវនាវដល់បុគ្គលឯកជនដែលដើររៃអង្គាសថវិកានៅតាមស្ដុប និងទី កន្លែងសាធារណៈផ្សេងៗ ត្រូវបញ្ឈប់ការប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» នៅលើហិប ឬផ្ទាំងបដាផ្សេងៗ របស់ខ្លួន។ ជាមួយគ្នានេះ មូលនិធិជនពិការសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ និងចាត់ វិធានការតាមផ្លូវច្បាប់ ក្នុងករណីឃើញមានក្រុមណាមួយប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ ដើររៃអង្គាស ថវិកានៅតាមស្តុប ឬផ្លូវចរាចរណ៍សាធារណៈនានា ដើម្បីជៀសវាងការភាន់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មូលនិធិជនពិការ ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






