ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់សង្កេតការណ៍ថ្ងៃប្រឡងបាក់ឌុបចំនួន ៣៣១៨នាក់

BY
Khmernote Media
September 5, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ចំនួន ៣៣១៨ នាក់។

នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ ដែលមានពេលវេលាគ្រប់គ្រាន់ មានធនធានសម្រាប់បំពេញការងារ រាប់ទាំងមធ្យោបាយធ្វើដំណើរដោយខ្លួនឯងផង ចំនួនសរុប 3,318 នាក់ ដោយបែងចែកតាមរាជធានី-ខេត្ត និងមានលក្ខខណ្ឌដូចតទៅ៖

លក្ខខណ្ឌចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត៖

១-មានអាយុចាប់ពី ២១ឆ្នាំ ឡើងទៅ

២-មានអាសយដ្ឋានស្នាក់នៅរាជធានី ឬខេត្តដែលខ្លួនសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត

៣-មានមធ្យោបាយ ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារសង្កេតការណ៍ស្ម័គ្រចិត្តដោយខ្លួនឯង រាប់ទាំងមធ្យោបាយធ្វើដំណើរផង

៤-គោរពតាមច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ការចាត់តាំង ដឹកនាំ ប្រគល់ភារកិច្ចរបស់ក្រុម ដឹកនាំសង្កេតការណ៍ថ្នាក់កណ្តាល ថ្នាក់រាជធានី-ខេត្ត និងថ្នាក់មណ្ឌល ជាពិសេសគោរពបានយ៉ាងខ្ជាប់ខ្ជួន បទប្បញ្ញត្តិ សេចក្តីណែនាំ យល់តួនាទីភារកិច្ចអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត

៥-ត្រូវទាញយកកម្មវិធី Angkor Life មកប្រើប្រាស់សម្រាប់ការងារផ្សព្វផ្សាយ និង Angkor Chat សម្រាប់ ទំនាក់ទំនងការងារសង្កេតការណ៍

៦-មិនត្រូវចូលរួមសង្កេតការណ៍ក្នុងមណ្ឌលប្រឡងដែលមានបងប្អូន សាច់ញាតិ ឬមិត្តភ័ក្ដិជាបេក្ខជន ប្រឡង ដែលនេះជាទំនាស់ផលប្រយោជន៍ ៕

ប្រភព៖ Anti-Corruption Unit

Share This Post: