ក្រសួងវប្បធម៌ ដឹកនាំសិល្បករ សិល្បការិនី ទៅមើលការរីកចម្រើននៅបណ្ដាខេត្តត្រីកោណអភិវឌ្ឍន៍
- September 5, 2024
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងសប្ដាហ៍នេះ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងលោកជំទាវ ឡុង ភារម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគម បានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនី មួយចំនួន ដើម្បីធ្វើទស្សនកិច្ច នៅបណ្ដាខេត្តទាំង៤ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម-ឡាវ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដើម្បីស្វែងយល់ពីស្ថានភាពពិតនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការវិវត្តនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាជន ព្រមទាំងសក្ដានុពលទេសចរណ៍នៃបណ្ដារខេត្តទាំងនោះផងដែរ។

ក្រុមការងារ និងសិល្បករ សិល្បការនីចំនួនជាង៥០រូបនៅខេត្តស្ទឹងត្រែង បានធ្វើទស្សនកិច្ចនៅតាមបង្គោលព្រំដែនរវាងកម្ពុជា-ឡាវ និងតំបន់អភិវឌ្ឍផ្សេងៗជាច្រើន ជាពិសេសទំនប់វារីអគ្គិសនីសេសានក្រោម២។
សិល្បករ សិល្បការិនី ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចបានបង្ហាញអារម្មណ៍រីករាយដែលបានចុះទៅដល់បន្ទាត់ព្រំដែនដោយផ្ទាល់ស្វែងយល់នូវការពិតជាក់ស្ដែង។ ជាពិសេស ពួកគាត់បានបង្ហាញនូវមោទនភាព ដោយមិននឹងស្មានថា តំបន់ព្រំដែនមានការអភិវឌ្ឍស្ទើរមិនគួរឱ្យជឿទាំងហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀត ពួកគេក៏មានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះការវិនិយោគលើទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានប្រវែង ៦,៥ គីឡូម៉ែត វែងបំផុតក្នុងទ្វីបអាស៊ី ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់លោកអ្នកឧកញ៉ា គិត ម៉េង ជាមួយក្រុម Hydrolancang International Energy របស់ប្រទេសចិនក្រោមទម្រង់« សាងសង់រួច-ដំណើរការ- និងផ្ទេរមករាជរដ្ឋាភិបាលឬ BOT សម្រាប់រយៈពេលសម្បទាន៤៥ឆ្នាំ។
ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរយល់ឃើញថា ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់។ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនប្រទេសជិតខាង។ តាមព្រំប្រទល់ជាមួយប្រទេសជិតខាង សុទ្ធសឹងតែមានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធ និងមានគម្រោងវិនិយោគធំៗ។ឯកឧត្តមមើលឃើញថា រាជរដ្ឋាភិបាលបានខិតខំកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ៕










ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






