ចាប់ផ្តើមហើយទស្សនកិច្ចទៅកាន់ខេត្តភូមិភាគឦសាន
- September 7, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន២០០នាក់បានចេញដំណើរពីភ្នំពេញហើយនៅម៉ោង៤ទាបភ្លឺព្រឹកថ្ងៃសៅរ៍ ទី៧កញ្ញានេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ នេះគឺជាដំណើរទស្សនកិច្ចក្រុមទី១ នៅក្នុងគម្រោងដែលបង្កើតឡើងដោយសម្តេចធិបតីហ៊ុនម៉ាណែតដែលផ្តល់ភារកិច្ចអោយក្រសួងព័ត៌មានសម្របសម្រួលរៀបចំនៅរាល់ចុងសប្តាហ៍ពីដើមខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថ្មីៗនេះថា ការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ សម្រាប់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទស្សនកិច្ចមួយដែលផ្តល់នូវភាពសប្បាយរីករាយ បង្កើតភាពស្និទ្ធស្នាលនិងសាមគ្គីភាពជាជាតិកម្ពុជាតែមួយ ផ្តល់ចំណេះដឹងបន្ថែមស្តីពីភូមិសាស្ត្រតំបន់ភូមិភាគឦសាន ទីតាំងនិងបង្គោលព្រំដែន អំពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែនដោយធានាការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី និងអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានអោយដឹងថា អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចនេះត្រូវបានផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូនរួមទៅវិញទៅមកដោយឥតគិតថ្លៃ។ ផ្តល់ជូនអាហារ ៣ពេល និងភេសជ្ជៈ ដោយឥតគិតថ្លៃនៅអំឡុងពេលធ្វើដំណើរកម្សាន្តនេះ។
ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយបន្ទុកចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលខ្ទង់ថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនឡើយ។
សូមបញ្ជាក់ថា ក្រុមទី១ក្នុងវគ្គទី១នេះ នឹងបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ោង៤រសៀលហើយត្រឡប់មកវិញកាន់រាជធានីភ្នំពេញវិញ។ ដំណើរទស្សនកិច្ចនេះជួយលុបមន្ទិលសង្ស័យអោយអស់ពីក្រុមប្រឆាំងរដ្ឋាភិបាលដែលឃោសនាបោកប្រាស់ប្រជាពលរដ្ឋខុសការពិតថា ដោយសារកិច្ចព្រមព្រៀងCLVបានធ្វើអោយខ្មែរបាត់បង់ដី៤ខេត្តអោយទៅប្រទេសវៀតណាមនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






