ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដស.ស.យ.ក ចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋជាង ៤.០០០នាក់ នៅកោះសូទិន
- September 7, 2024
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានចាត់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហែម សុវត្តិ ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចុះពិនិត្យ ព្យាបាល និងចែកឱសថជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ប្រមាណ ជាង៤.០០០នាក់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងសកម្មភាពនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះបើយើងមានជំងឺតម្កាត់ យើងត្រូវទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយបង់ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែពិធីនៅថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ។
ឯកឧត្តមអភិបាលខេត្ត បានគូសរំលេចទៀតថា ស្របពេលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ទន្ទឹមនឹងការកសាងសមិទ្ធផល នៃផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ផងដែរ អំពីសុខភាព របស់ប្រជាពលរដ្ឋទូទៅ ពីព្រោះ ចាំបាច់ណាស់មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពល្អបរិបូណ៌ ទាំងផ្លូវកាយ និងផ្លូវចិត្ត ៕









ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






