១សប្ដាហ៍មកនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើង ៣១ករណី និងឃាត់ខ្លួនជនសង្ស័យ ១២២នាក់
- September 9, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់តាមបណ្តេញសង្គមតេឡេក្រាម នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី០២ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣១ ករណី មានជនសង្ស័យចំនួន ១៦៦ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១២២ នាក់ ដែលពាក់ព័ន្ធនឹងបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា លួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់ កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ ហើយត្រូវចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់ សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេស ជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមចៀសវាងពីសកម្មភាព ទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួនគ្រួសារ និងសង្គមជាតិ”៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






