ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនចំនួន ៣នាក់ ពាក់ព័ន្ធករណីហិ…ង្សាដោយចេតនា បណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត នៅស្រុកសង្កែ

BY
Khmernote Media
September 11, 2024

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុតតុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងធ្វើ ការស្រាវជ្រាវនិងឃាត់ខ្លួនយុវជនចំនួន ០៣នាក់ នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

សូមជម្រាបជូនថា មូលហេតុដែលឈានទៅដល់ការនាំខ្លួននេះ គឺនាវេលាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមយុវជនខាងលើបានប្រើប្រាស់ដំបងដែកធ្វើសកម្មភាពដេញវាយទៅលើក្រុមយុវជនមួយក្រុម ទៀត នៅចំណុចក្រុមទី០៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ហើយក្នុងខណៈនោះក្រុមយុវជនដែល ត្រូវគេតាមវាយរត់ចូលទៅក្នុងស្រះទឹកមួយកន្លែងនៅក្បែរនោះបណ្តាលឱ្យលង់ទឹកស្លាប់នៅ ទីនោះ ចំនួន០១នាក់ហើយមួយចំនួនទៀតរត់ គេចខ្លួន។

តាមការសាកសួរស្រាវជ្រាវ ក្រុមយុវជនដែលបានត្រូវឃាត់ខ្លួននេះ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ហើយពេលបន្ទាប់ បានយកដែក ទៅវាយបំផ្លាញម៉ូតូជនរងគ្រោះថែមទៀត ហើយមូលហេតុដែលធ្វើបែបនេះគឺដោយសាររឿងគំនុំ នាពេលកន្លងមក។

ពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនពួកគេមកការិយាល័យជំនាញ ដើម្បីអនុវត្តទៅតាម ផ្លូវច្បាប់ ក្នុងនោះមាន៖
១-ឈ្មោះ ហឿត ឡៃហៀង ហៅ ខ្យង ភេទប្រុស មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ស្រស់ សុវណ្ណា ភេទប្រុស មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ឈ្មោះ ខុន សុខេន ភេទប្រុស មានទីលំនៅភូមិរូងជ្រៃ ឃុំខ្នារមាស ស្រុកបវេល ខេត្តបាត់ដំបង។

រីឯសាកសពជនរងគ្រោះឈ្មោះ ឃឿត សាហ្វុង ភេទប្រុស មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនក្រុមគ្រួសារក្រោយពេលធ្វើការពិនិត្យរួច ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: