ព័ត៌មានជាតិ

គ្រឹះស្ថានអង្គរ កែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណ នៅរមណីយដ្ឋានអង្គរ

BY
Khmernote Media
September 11, 2024

ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមលិខិតរបស់ គ្រឹះស្ថានអង្គរ បានចេញសេចក្ដីជូនដំណឹងស្តីពី ការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ។

គ្រឹះស្ថានអង្គរ សូមជម្រាបជូនថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឱ្យអនុវត្តការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដែលការកែទម្រង់ដំណាក់កាលទី១នេះ មានដូចខាងក្រោម៖

-លុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុនិងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០១ថ្ងៃ
-សម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ រក្សារូបថត និងលុបចោលនូវព័ត៌មាន សញ្ជាតិ ក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
-ផ្លាស់ប្តូរការត្រួតពិនិត្យបណ្ណពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូល ប្រាសាទវិញ។

ក្នុងន័យដូចបានជម្រាបជូនខាងលើ សូមគ្រប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានភ្ញៀវទេសចរអន្តរជាតិ បានធ្វើការកក់ (Booking) រួចហើយ នូវបណ្ណរយៈពេល៣ថ្ងៃ និង៧ថ្ងៃ ត្រូវផ្តល់នូវចំនួនភ្ញៀវទេសចរដែលបានកក់រួចនេះ មកគ្រឹះស្ថានអង្គរឱ្យបានមុនថ្ងៃប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី១ នៃការកែទម្រង់ខាងលើនេះ ដើម្បីឱ្យគ្រឹះស្ថានអង្គរអាចរក្សាចំនួនបណ្ណសម្រាប់លក់ជូន ដោយតម្រូវឱ្យមានរូបថតដូចមុន។

ចំពោះការកែទម្រង់ដំណាក់កាលទី២ នៃការលក់បណ្ណតាមប្រាសាទ រាជរដ្ឋាភិបាលគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្ត នៅដើមឆ្នាំ២០២៥ ខាងមុខនេះ ៕

Share This Post: