ព័ត៌មានជាតិ

ចុងភៅវ័យក្មេងកម្ពុជាបីរូបមានមោទនភាព ដែលបាននាំយកមុខម្ហូបហហ្មុករបស់ខ្មែរ ទៅប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកទទួលបានចំណាត់ថ្នាក់លេខ១

BY
Khmernote Media
September 11, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ចុងភៅវ័យក្មេងកម្ពុជាក្នុងខេត្តសៀមរាបចំនួនបីនាក់បាននាំយកមុខម្ហូបហហ្មុកត្រី ដ៏ល្បីល្បាញរបស់ខ្មែរ ទៅប្រកួតក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ធំ សម្រាប់ចុងភៅវ័យក្មេងក្រោមអាយុ ២៤ឆ្នាំ “Thailand World Junior Chef Battle 2024”។ ចុងភៅវ័យក្មេងកម្ពុជាទាំងបីរូបមាន លោក ឈុន ប៊ុនឈូ កញ្ញា អាត វ៉ាន់ លីដា និងលោកម៉ាន សុជាតិ។

លោក ឈុន ប៊ុនឈូ តំណាងឱ្យក្រុមចុងភៅវ័យក្មេងកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថា កាលពីពេលថ្មីៗនេះ រូបលោក និងរួមជាមួយចុងភៅចំនួន២រូបផ្សេងទៀត គឺកញ្ញា អាត វ៉ាន់ លីដា និងលោក ម៉ាន សុជាតិ បាននាំយកមុខម្ហូបតំណាងជាតិ គឺហហ្មុកត្រីទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោក Thailand World Junior Chef Battle 2024 ដែលបានធ្វើឡើងនៅប្រទេសថៃ កាលពីថ្ងៃទី ២៨ – ៣១ សីហា ២០២៤ កន្លងទៅថ្មីៗនេះ។ កម្មវិធីនេះមានចុងភៅ១៦ក្រុម មកពីប្រទេសចំនួន១៣ ចូលរួម។ នេះជាការប្រកួតលើកទី១របស់កម្មវិធី Thailand World Junior Chef ដោយកម្មវិធីគេតម្រូវយកចុងភៅដែលមានអាយុក្រោម២៤ឆ្នាំប៉ុណ្ណោះ។ ដោយកម្មវិធីតម្រូវឱ្យចុងភៅមួយក្រុមយកម្ហូបតំណាងប្រទេសតែមួយមុខប៉ុណ្ណោះ។

លោក ប៊ុន ឈូ បានបន្តថា នៅក្នុងកម្មវិធីប្រកួតដ៏ស្វិតស្វាញនេះ មុខម្ហូបហហ្មុកត្រីរបស់ក្រុមចុងភៅវ័យក្មេងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកម្ហូបតំណាងជាតិ។ ប៉ុន្តែសម្រាប់ជ័យលាភីជារួម ក្នុងការប្រកួតធ្វើម្ហូបចំនួន១៦មុខនោះ ក្រុមចុងភៅវ័យក្មេងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ខណៈប្រទេសថៃជាម្ចាស់ផ្ទះមានចុងភៅដល់ទៅ៤ក្រុមចូលរួមនោះទទួលបានលេខ១ លេខ២ និងលេខ៣។

បើទោះបីជាទទួលបានលទ្ធផលពុំសូវល្អក្តី ប៉ុន្តែវាក៏ជាឱកាសដែលកម្ពុជាបានបង្ហាញទៅកាន់ប្រទេសមកពីទ្វីបផ្សេងៗគ្នាឱ្យស្គាល់មុខម្ហូបរបស់ខ្មែរមួយនេះផងដែរ ហើយថា ពួកលោកនឹងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត។ ការប្រកួតលំដាប់អន្តរជាតិ រៀបចំឡើងដោយសមាគមចុងភៅថៃ និងសមាគមចុងភៅពិភពលោក (WAC) ដែលមានបេក្ខភាព១៦ក្រុម (មកពី១៣ ប្រទេស ក្នុង៤ទ្វីប) រួមមានប្រទេសកម្ពុជា អូស្ត្រាលី ចិន ក្រិច ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ាឌីវ ម៉ុងហ្គោលី សិង្ហបុរី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម និងថៃ។

អ្នកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានថ្លែងអបអរសាទរចំពោះចុងភៅវ័យក្មេងកម្ពុជាទាំងបីនាក់ និងបានលើកឡើងថា កន្លងទៅសមាគមតែងតែបាននាំយកមុខម្ហូបរបស់ខ្មែរជាច្រើនមុខទៅបង្ហាញដល់បណ្តាប្រទេសនានានៅលើពិភពលោក។ អ្នកស្រីបានឱ្យដឹងថា មានមុខម្ហូបជាច្រើន ដែលសមាគមចុងភៅកម្ពុជាបាននាំយកទៅបង្ហាញនៅបណ្តាប្រទេសនានាឱ្យគេបានស្គាល់ ដូចជាហហ្មុក នំបញ្ចុក សម្លរការី ជាពិសេសគឺសម្លរកកូរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: