ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល ៦ខែបន្ថែមទៀត នូវគ្រឿងក្នុង និងបំណែកសាច់ជ្រូកបង្កក

BY
Khmernote Media
September 12, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមសេចក្តីប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក។

ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពី វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេស នាំចេញ។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តអនុវត្ត វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល ០៦ ខែបន្ថែមទៀត ដែលមានសុពលភាព ចាប់ពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លើមុខទំនិញដូចខាងក្រោម៖

-ថ្លើមនៃសត្វជ្រូក បង្កក
-ភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក។

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានបន្ថែមថា វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល ដែលកំពុងប្រកប អាជីវកម្មលើមុខទំនិញខាងលើ ព្រមទាំងភាគីពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

Share This Post: