ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ព្យុះទី១៣«ប៊ីបីនកា» នឹងធ្វើឱ្យទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសកម្ពុជាហក់ឡើងជាបន្តបន្ទាប់ នៅកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ

BY
Khmernote Media
September 14, 2024

រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ហើយនឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ។

ក្រសួងធនធានទឹក បានឱ្យដឹងថា កន្លងមក ដោយសារមានឥទ្ធិពលពីព្យុះយ៉ាកជី(Yagi) បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ លើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលបង្កឱ្យទឹកទន្លេមេគង្គហក់ ឡើងខ្លាំងរហូតដល់មានការជន់លិចនៅផ្នែកខាងលើនៃប្រទេសឡាវ។

ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) និងសម្ពាធទាប បានគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាម៉ែន (Andaman Sea) និងឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេស កម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ហើយនឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលស្ថិតនៅ អមសងខាងទន្លេមេគង្គ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និង ឧតុនិយមកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវិវត្តនៃស្ថានភាពអាកាសធាតុ និងទឹកជំនន់ បន្តទៀត ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: