ស្លាប់ជាង ៣០០ នាក់ និងរបួសជាង ៣ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំថ្មីនៅថៃ
ថៃ៖ មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ថៃបានរាយការណ៍ថា គិតត្រឹមថ្ងៃទី ៦ នៃពិធីសង្ក្រានថៃ ដែលមានចំនួន ៧ ថ្ងៃនោះ គឺមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៤៨ នាក់ ចំណែកអ្នករងរបួសធ្ងន់ និងស្រាលវិញមានចំនួនរហូតដល់ ៣,១៧៦ នាក់ ដែលចំនួនអ្នកស្លាប់និងរបួសទាំងនេះកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣,០៦៨ ករណីផ្សេងគ្នា។
របាយការណ៍ដដែលនេះក៏បានបង្ហាញដែរថា ខេត្ត Chiang Mai មានចំនួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេពោលគឺចំនួន ១១៩ ករណី ក្នុងនោះផងដែរខេត្តចំនួន ៥ គឺខេត្ត Trang, Phang Nga, Mae Hong Son, Sukhothai និងខេត្ត Angthong ពុំមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនោះទេ។ ក្នុងចំណោមគ្រោះថ្នាក់ទាំងអស់នេះ ៣០ %បង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ២៨%បង្កឡើងដោយការបើកបរក្នុងពេលស្រវឹង ក្រៅពីនេះគ្រោះថ្នាក់បានកើតឡើងដោយការបើកបរដោយគ្មានការប្រុងប្រយ័ត្ន។
តួលេខខាងលើនេះនៅមិនទាន់ច្រើនដូចកាលពីឆ្នាំមុនៗទេ ហើយអាជ្ញាធរថៃជឿជាក់ថា រហូតដល់ចប់កម្មវិធីសង្ក្រានក៏ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅតែមិនច្រើនដូចឆ្នាំមុនៗដែរ ដ្បិតនៅក្នុងឆ្នាំ ២០១៩ នេះ អាជ្ញាធរថាបានបង្កើតកម្មវិធីអប់រំ និងការការពារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងឆ្នាំមុនៗដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nationmultimedia