ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង បានហូរច្រោះបាក់ស្រុតគ្រឹះផ្ទះប្រជាពលរដ្ឋអស់មួយចំនួន និងហូរច្រោះដាច់ផ្លូវ ឆ្នេរ ដួលរលំបង្គោលភ្លើង នៅតំបន់កោះរ៉ុងសន្លឹម

BY
Khmernote Media
September 18, 2024

ក្រុងកោះរ៉ុង៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរ និងសមត្ថកិច្ច នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅតំបន់មួយចំនួនក្នុងសង្កាត់កោះរ៉ុងសន្លឹម មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជោរជន់ហូរច្រោះបាក់ស្រុតគ្រឹះផ្ទះប្រជាពលរដ្ឋមួយចំនួន និងហូរច្រោះដាច់ផ្លូវ ឆ្នេរនិងហូរច្រោះដួលរលំបង្គោលភ្លើងអស់ខ្លះទៀត។

ស្ថិតក្នុងស្ថានភាពបែបនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ សហការជាមួយក្រុមការងាររដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹមបានចុះអន្តរាគមន៍ជួយដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋ ក្នុងនោះក្រុមការងារក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពធាតុអាកាសមិនល្អ មានភ្លៀង ខ្យល់និងរលកសមុទ្រខ្ពស់។

ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរក្រុងកោះរ៉ុងក៏អំពាវនាវផងដែរឲ្យពលរដ្ឋប្រុងប្រយ័ត្នរាប់ទាំងការធ្វើដំណើរផ្លូវសមុទ្រ ឬការចេញទៅនេសាទជាដើម ដើម្បីសុវត្ថិភាព៕

ប្រភព៖ លោក Huy Bunleng News

Share This Post: