សហគមន៍ត្រៀមនឹងយកកូនឈើចំនួន១០ ០០០ដើមទៅដាំនៅដែនជម្រកសត្វព្រៃកែវសីមា
- September 19, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា តាមរយៈការគាំទ្រពីគម្រោងរេដបូកកែវសីមា និងគម្រោង USAID មរតកបៃតង សហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមា បានចូលរួមបង្កើតថ្នាលបណ្តុះកូនឈើតាមគ្រួសារស្ម័គ្រចិត្តចំនួន២០ថ្នាល ដែលសរុបជាកូនឈើមានចំនួន១០ ០០០ដើម។ ដោយមានការគាំទ្រថវិកា បច្ចេកទេស និងសម្ភារ ក្នុងការបណ្តុះកូនឈើតាមសហគមន៍ជាលក្ខណៈគ្រួសារ សហគមន៍ត្រៀមនឹងយកទៅដាំនៅដែនជម្រកសត្វព្រៃកែវសីមានៅពេលឆាប់ៗខាងមុខនេះ។

លោក ហុង ចាក់ ដែលជាសមាជិកគណៈកម្មការសហគមន៍ ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ថា លោកបានទទួលចំណូលលើកទី១ ពីការបណ្តុះកូនឈើរបស់គាត់ចំនួន៣៥០ដុល្លារអាមេរិក សម្រាប់កូនឈើ៥០០ដើម។ ពីមុនលោកមិនដែលដឹងថាការបណ្តុះកូនឈើអាចផ្តល់ប្រាក់ចំណូលដល់លោក និងក្រុមគ្រួសារដូចឥឡូវនេះទេ។ ប៉ុន្តែក្រោយទទួលបានវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តបណ្តុះកូនឈើ និងគ្រប់គ្រងថ្នាល គាត់បានចុះកិច្ចព្រមព្រៀងជាមួយ គម្រោងរេដបូកកែវសីមា។ លោកបានដើរប្រមូលគ្រាប់ពូជដូចជា បេង កកោះ ធ្នង់ ពីព្រៃដើម្បីយកមកបណ្តុះ។ ជាលទ្ធផល ក្នុងរយៈពេល ៧ខែ លោកបានលក់កូនឈើដែលលោកបណ្តុះនោះមកឱ្យគម្រោងដែលបានផ្តល់ជាប្រាក់ចំណូលបន្ថែមទៀតក្នុងការផ្គត់ផ្គង់គ្រួសារ។
ទន្ទឹមនឹងនេះ លោក ព្រេង សុខសារី ដែលជាប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរពុងរូង ក៏បានចុះកិច្ចព្រមពៀងលើការបណ្តុះ និងលក់កូនឈើមកឱ្យគម្រោងផងដែរ។ មកដល់បច្ចុប្បន្ន លោកបានបណ្តុះបានប្រមាណ២ ០០០ដើម នៅរង់ចាំតែពេលកូនឈើគ្រប់អាយុ និងអាចលក់មកឱ្យគម្រោង និងបានចែករំលែកឱ្យដឹងដែរថា «បើសិនជាយើងមិនធ្វើការដាំស្តារព្រៃឈើឡើងវិញទេ អាកាសធាតុ និងអាចមានការប្រែប្រួល កូនចៅយើងអាចរងគ្រោះពីអាកាសធាតុប្រែប្រួលមិនទៀង តែបើយើងចាប់ផ្តើមដាំស្តារព្រៃឈើពីឥឡូវទៅ១០ឆ្នាំ ទៅ ២០ឆ្នាំទៅមុខទៀត យើងនឹងមានគម្របព្រៃឈើល្អ ហើយកូនចៅយើងនឹងទទួលបានអត្ថប្រយោជន៍ពីអ្វីដែលយើងកំពុងតែធ្វើនៅពេលបច្ចុប្បន្ន»។ បើមិនមានវគ្គបណ្តុះបណ្តាលពីបច្ចេកទេស និងការគាំទ្រសម្ភារក្នុងការបណ្តុះកូនឈើពីគម្រោងរេដបូកកែវសីមា នោះទេ លោកក៏មិនមានលទ្ធភាពបង្កើតថ្នាលបណ្តុះកូនឈើបានដូចបច្ចុប្បន្ននេះដែរ។ ការផ្តួចផ្តើមឱ្យមានថ្នាលបណ្តុះកូនឈើលក្ខណៈគ្រួសារតាមសហគមន៍នេះ គឺធ្វើឡើងក្នុងគោលដៅលើកទឹកចិត្តជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានក្នុងគម្រោងរេដបូកកែវសីមា ក្នុងសកម្មភាពដាំស្តារព្រៃឈើឡើងវិញ ដើម្បីបង្កើនគម្របព្រៃឈើ ការពារគ្រោះធម្មជាតិ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងកាត់បន្ថយការចូលព្រៃកាប់ឈើខុសច្បាប់។
ឆ្នាំ២០២៤ ជាឆ្នាំដំបូងដែលការអនុវត្តថ្នាលបណ្តុះកូនឈើលក្ខណៈគ្រួសារតាមសហគមន៍ ហើយដែលគម្រោងរេដបូកកែវសីមា និងគម្រោង USAID មរតកបៃតង នឹងគ្រោងបន្តសកម្មភាពនេះនៅឆ្នាំបន្តបន្ទាប់ជាមួយសមាជិកសហគមន៍ផ្សេងទៀត ដើម្បីបណ្តុះស្មារតីឱ្យសហគមន៍ចូលរួមជាមួយយើងក្នុងការងារដាំស្តារព្រៃឈើឡើងវិញ និងរួមចំណែកក្នុងយុទ្ធសាស្រ្តស្តារព្រៃឈើរបស់កម្ពុជាដែលរំពឹងថានឹងអាចបង្កើនគម្របព្រៃឈើបានដល់៦០ភាគរយ នៅត្រឹមឆ្នាំ២០៥០៕


ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






