ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ ខណៈជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ កំពុងបន្តហក់ឡើង

    BY Khmernote Media September 19, 2024
    អភិបាលខេត្តកំពង់ចាម ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ ខណៈជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ កំពុងបន្តហក់ឡើង

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅចំណុចព្រែកតាឃ្លោក ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់លោកអភិបាលក្រុង ស្រុកទាំងអស់ និងស្ថាប័នពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈពេលដែលជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ កំពុងបន្តហក់ឡើង។

    ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នាថ្ងៃទី១៩ កញ្ញា នេះ បានឡើងដល់កម្ពស់ ១៣ម៉ែត្រ និងហូរចូលក្នុងព្រែកចំនួន ២៧ លើ ៤១ព្រែក នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ ឯកឧត្ដម សង្កត់ធ្ងន់ថា ជាមួយនឹងស្ថានភាពកម្ពស់ទឹកនេះដែរ អាចបង្កឲ្យគ្រោះថ្នាក់ជាយថាហេតុ នៅតាមបណ្ដាព្រែក ក៏ដូចជា ទីកន្លែងមួយចំនួន ដែលមានទឹកជំនន់ហូរចូល និងភ្លៀងធំដក់លិចនោះ ។

    យកឱកាសនោះ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានធ្វើការណែនាំ ដល់លោកអភិបាលក្រុង ស្រុក ទាំងអស់ និងស្ថាប័នពាក់ព័ន្ធ ឲ្យបន្តយកចិត្តទុកដាក់លើការងារមួយចំនួន៖

    ទី១.ត្រូវចុះពិនិត្យកន្លែងដែលមានទឹកហូរចូលព្រែក និងកន្លែងទឹកភ្លៀងដក់ ដែលមានប្រជាពលរដ្ឋ មកលេងកំសាន្ត សូមធ្វើការណែនាំឲ្យពួកគាត់ ប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស មាតាបិតា អាណាព្យាបាល ត្រូវមើលថែទាំកូនចៅ ឬក្មេងតូចៗ ឲ្យបានហ្មត់ចត់ និងមិនត្រូវឲ្យមកលេងទឹកឡើយ។

    ទី២.ចំពោះ ម្ចាស់ទូកដរ ប្រកបអាជីវកម្មចម្លង នៅតាមទីកន្លែងព្រែកដែលបានលិច សូមពិនិត្យមើលបច្ចេកទេស ឲ្យបានត្រឹមត្រូវ និងធ្វើកិច្ចសន្យា ចំពោះ សុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ។

    ទី៣.ត្រូវបន្តតាមដាន ពីសកម្មភាពបង្កបង្កើនផល របស់ប្រជាកសិករ ជាពិសេស លើផលប៉ះពាល់ទឹកជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដោយរាយការណ៍បន្ទាន់ មកថ្នាក់ខេត្ត ដើម្បី ដាក់វិធានការ និងចុះអន្តរាគមន៍ ទាន់ពេលវេលា ។

    និងទី៤.ក្រុមការងារគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត និងមន្ទីរសុខាភិបាល សូមរៀបចំផែនការធានានូវកិច្ចការសង្គ្រោះបន្ទាន់ ទៅដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ខណៈពេលដែលទឹកជំនន់ កំពុងតែកើតមានឡើងនេះ ផងដែរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: