ត្រៀមអាវភ្លៀងទុក! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែកញ្ញា កម្ពុជា នឹងរងឥទ្ធិពលព្យុះទី១៥ «ស៊ូលីក» ដែលធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេស
- September 19, 2024
រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូងដែលបានជូនដំណឹងកាលពីម្សិលមិញបានវិវត្តទៅជាព្យុះទី១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik) ដោយមានល្បឿនខ្យល់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្បែរផ្ចិតនៃព្យុះ ដែលកំពុងស្ថិតនៅកៀកប្រទេសវៀតណាមកណ្តាល ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គ។ ព្យុះនេះធ្វើឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យផ្ទៃមេឃមានពពកច្រើន ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយខ្យល់បក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបន់ភ្នំ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូន សាធារណជនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post:






