រដ្ឋបាលខេត្តកំពង់ធំ បញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំមកគ្រប់គ្រងវិញ
- September 21, 2024
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដើម្បីជួយកាត់បន្ថយថ្លៃដើមរបស់បងប្អូនប្រជាពលរដ្ឋក្នុងដាំដុះដំណាំស្រូវ ជាពិសេសនៅក្នុងរដូវប្រាំងដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរៀបចំបញ្ចប់ការងារចុះកិច្ចសន្យាលើការងារទិញស្ថានីយបូមទឹកទាំង១៤ ស្ថានីយពីឯកជនមកគ្រប់គ្រងវិញ។ ពិធីចុះកិច្ចសន្យានេះត្រូវបានរៀបចំឡើងនៅសាលាខេត្តកំពង់ធំ កាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនិងម្ចាស់ស្ថានីយទាំង ១៤ទីតាំង។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា មុនទិញស្ថានីយបូមទឹកនេះ ប្រជាពលរដ្ឋត្រូវចំណាយថវិកាច្រើនលើថ្លៃបូមទឹកដាក់ស្រែ ប៉ុន្ដែក្រោយរដ្ឋទិញស្ថានីយបូមទឹកទាំងអស់នោះ ប្រជាកសិករចំណាយតិចជាងនេះ ដែលជាដំណោះស្រាយដ៏ល្អមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ធំ បានកំពុងសាងសង់ទំនប់ស្ទាក់ទឹកជាច្រើនកន្លែង ដើម្បីត្រៀមទឹកសម្រាប់ផ្គត់ផ្គង់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅឈូសឆាយដីព្រៃតំបន់៣ និងហាមដាច់ខាត់ឈូសឆាយដីព្រៃនៅតំបន់២ ដែលជាតំបន់ហាមឃាត់៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






