យុវជន ២នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីធ្វើសកម្មភាពលេងដុតផាវ បោះតាមផ្លូវសាធារណៈ និងផ្ទះប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ
- September 23, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង ៣០នាទី មានក្រុមក្មេងទំនើងចំនួន ៣នាក់ ជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពដុតផាវ (ប្រភេទគ្រាប់បែក )បោះនៅតាមទីផ្លូវសាធារណៈ នៅចំណុចផ្លូវក្រាលកៅស៊ូលេខ១៤៤០ ស្ថិតនៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចបានចេញល្បាតស្ទាក់ឃាត់បានចំនួន ២នាក់៖
១.ឈ្មោះ យ៉េត សៀងហៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ មុខរបរ រោងចក្រ ។
២.ឈ្មោះ យឿន ឡា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីយ មុខរបររោងចក្រ ចំណែកម្នាក់ទៀត (គេចខ្លួន)។
សមត្ថកិច្ចដកហូតបាន ផាវប្រភេទគ្រាប់បែកមួយចំនួនដែលនៅសល់ពីពួកគេបានបោះទម្លាក់ចោលក្រោយសមត្ថកិច្ចប្រតិបតិ្ដការតាមឃាត់ ម៉ូតូមួយគ្រឿង ហុងដាសេ១២៥ ពណ៌ខ្មៅ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ និងត្រូវបានចៅក្រមសម្រេចឃុំខ្លួននៅពន្ធនាគារខេត្ដ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សំណូមពរដល់បងប្អូនកូន-ក្មួយ មាតាបិតា អាណាព្យាបាល គួរគប្បីពិនិត្យមើលកូនចៅក្មួយបង-ប្អូន ត្រូវណែនាំឲ្យបញ្ឈប់សកម្មភាពបែបនេះ ករណីខាងលើ អាចមានការឆេះផ្ទុះមកលើខ្លួននិងបង្កជាមហន្ដរាយផ្សេងៗ ជាយថាហេតុ ៕


- Share This Post:






