រដ្ឋបាលខេត្តតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោ កុំព្រួយបារម្ភ ឬភ័យខ្លាច ចំពោះសកម្មភាពយន្តហោះ ចុះចត និងហោះហើរសាកល្បង ក្នុងរយៈពេល៥ថ្ងៃនេះ
- September 24, 2024
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងស្តីពីការហោះហើរត្រួតពិនិត្យឧបករណ៍វិទ្យុនាំផ្លូវ ឧបករណ៍វិទ្យុឃ្លាំមើល និងបទដ្ឋានហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅជិត អាកាសយានដ្ឋានអន្តរជាតិតេជោ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានការហោះហើរត្រួតពិនិត្យឧបករណ៍វិទ្យុនាំផ្លូវ ឧបករណ៍វិទ្យុឃ្លាំមើល និង បទដ្ឋានហោះហើរ។
ក្នុងន័យនេះដែរ រដ្ឋបាលខេត្ត សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនប្រជាពលរដ្ឋនៅជិត អាកាសយានដ្ឋានអន្តរជាតិតេជោ សូមកុំមានការព្រួយបារម្ភ ភ័យខ្លាច និងភិតភ័យចំពោះសកម្មភាពចុះចត និងហោះហើរសាកល្បងនេះឡើយ ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ព្រមទាំងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ
- Share This Post:






