ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! ផ្ទះ ផ្លូវ ច្រាំងទន្លេមួយចំនួន បានទទួលរងផលប៉ះពាល់ដោយសារទឹកទន្លេមេគង្គ ខណៈកម្ពស់ទឹកឡើងលើសកម្ពស់ជាង១៤ម៉ែត្រ

    BY Khmernote Media September 25, 2024
    សូមប្រុងប្រយ័ត្ន! ផ្ទះ ផ្លូវ ច្រាំងទន្លេមួយចំនួន បានទទួលរងផលប៉ះពាល់ដោយសារទឹកទន្លេមេគង្គ ខណៈកម្ពស់ទឹកឡើងលើសកម្ពស់ជាង១៤ម៉ែត្រ

    ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឱ្យដឹងថា ផ្ទះ ផ្លូវ ច្រាំងទន្លេមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាមបានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេមេគង្គខេត្តកំពង់ចាម ដែលបានបន្តហក់ឡើងជាបន្តបន្ទាប់ ជាក់ស្តែង ស្ថិតនៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ក៏មានករណីបាក់ស្រុតច្រាំង ទន្លេប្រមាណជាង ៦០ម៉ែត្រហើយ ត្រូវបានអាជ្ញាធរពាក់ព័ន្ធច្រកបាវខ្សាច់ទំលាក់នៅកន្លែងទីតាំងបាក់ស្រុកនោះផងដែរ ចំណែកស្ថិតនៅឃុំកោះសូទិនក៏មានផ្ទះមួយចំនួនបានទទួលការ ជន់លិច ដោយផ្ទះខ្លះ ត្រូវរំកិលទីតាំងទៅកន្លែងថ្មី ចំណែកផ្លូវដី និងផ្លូវបេតុងរាប់ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ មួយចំនួនត្រូវបានជន់ លិចដូចគ្នានេះបើយោងតាមការបញ្ជាក់ពី អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានខាងលើ។

    ទន្ទឹមនេះដែរ ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តឡើង ថែមទៀតដល់កម្ពស់១៤.១០ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង០,២០ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ទឹកទន្លេមានកម្ពស់១២,៦៦ម៉ែត្រ ខណៈដែល ចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

    ដោយឡែក ស្ថានភាពទឹកទន្លេមេគង្គឡើងដល់កម្ពស់ជាង១៤ម៉ែត្រនេះធ្វើឲ្យ ព្រែក ចំនួន៣៦ក្នុងចំណោម៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន៖
    ១-ស្រុកស្ទឹងត្រង់៖ ៥/៥ព្រែក
    ២-ស្រុកកំពង់សៀម៖ ៩/១១ព្រែក
    ៣-ស្រុកកងមាស៖ ១០/១៣ព្រែក
    ៤-ស្រុកកោះសូទិន៖ ៥/៥ព្រែក
    ៥-ស្រុកស្រីសន្ធរ៖ ៧/៧ព្រែក។

    ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថាសម្រាប់ស្ថាន ភាពអាកាស ធាតុមានភ្លៀងផ្គររន្ទះកម្រិតតិចទៅបង្គួរក្នុងបរិមាណជាមធ្យមពី២០%ទៅ៣០% និងមាន ខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤ម៉ែត្រក្នុង១វិនាទី ៕

    ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម Kg.Cham Provincial Department Of Information

    Share This Post: