ព័ត៌មានជាតិ

រថយន្ដធុនធ្ងន់ចំនួន ២គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ១ឆ្នាំ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

BY
Khmernote Media
September 25, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ០២ គ្រឿង មានបំពាក់ឡូហ្គោ TH, HC ដឹកទំនិញស្ករសបានផ្ទុកទម្ងន់សរុបចន្លោះពី ៥៤តោន ដល់៨៩តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៩តោន ដល់៤៤តោន គិតជាភាគរយគឺលើសចន្លោះពី៥៤% ដល់ ៩៨% ដែលច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ និងសូមបញ្ជាក់ថារាល់ការអន្តរាគមន៍ទាំងអស់ គឺពុំមានប្រសិទ្ធភាព និងត្រូវបានបញ្ចប់។

ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ ក្រសួងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: