សំណាងហួស! ក្មេងស្រីម្នាក់កាលពីប៉ុន្មានឆ្នាំមុនត្រូវឆ្នោតបានរថយន្តតម្លៃរាប់សែនដុល្លារម្តងហើយ ឥលូវត្រូវឆ្នោតរង្វាន់ធំម្តងទៀតបានលុយដល់១លានដុល្លារ
អារ៉ាប់៖ ក្មេងស្រីមានអាយុទើប ៩ ឆ្នាំម្នាក់ បានត្រូវឆ្នោតជាទឹកប្រាក់ ១ លានដុល្លារ ហើយគេនៅចាំបានថា កាលពី ៦ ឆ្នាំមុនក្មេងស្រីរូបនេះក៏ធ្លាប់ត្រូវឆ្នោតពីក្រុមហ៊ុនដដែលនេះជារថយន្តស្ព័រ McLaren ដែលមានតម្លៃជិត ២៦ ម៉ឺនដុល្លារម្តងរួចមកហើយ។ ក្មេងស្រីកំពូលសំណាងរូបនេះមានឈ្មោះថា Eilza ហើយអ្នកដែលទិញឆ្នោតនេះឲ្យនាងគឺជាឪពុកជនជាតិឥណ្ឌារបស់នាង ដែលបានមករស់នៅក្នុងប្រទេសអារ៉ាប់រួមអស់រយៈពេល ១៩ ឆ្នាំមកហើយ។ ក្រុមហ៊ុនឆ្នោតមួយនេះមានឈ្មោះថា Dubai Duty Free lottery ដែលជាក្រុមហ៊ុនឆ្នោតដ៏ធំនៅក្នុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយជាធម្មតាក្រុមហ៊ុននេះតែងតែធ្វើការចាប់ឆ្នោតនៅក្នុងព្រលានយន្តហោះអន្តរជាតិឌូបៃផ្ទាល់តែម្តងដើម្បីអនុញ្ញាតឲ្យទាំងភ្ញៀវអន្តរជាតិក៏អាចលេងឆ្នោតផ្សងសំណាងនេះបានដែរ។
ឪពុករបស់ក្មេងស្រីកំពូលសំណាងខាងលើបានប្រាប់ឲ្យដឹងថា កាលពីឆ្នាំ ២០១៣ ពោលគឺកាលពីកូនស្រីរបស់គាត់នៅមានអាយុ ៣ ឆ្នាំគាត់បានទិញឆ្នោតនេះមួយសន្លឹកឲ្យនាង ហើយពេលនោះក៏ឈ្នះបានរថយន្ត McLaren មួយគ្រឿង ហើយនៅក្នុងឆ្នាំ ២០១៩ នេះកូនស្រីរបស់គាត់មានអាយុ ៩ ឆ្នាំ ដែលជាលេខមានហុងស៊ុយខ្ពស់គាត់ក៏សម្រេចទិញឆ្នោតនេះឲ្យកូនស្រីម្តងទៀត ស្រាប់តែត្រូវរង្វាន់ធំជាទឹកប្រាក់ ១ លានដុល្លារតែម្តង។ ក្រៅតែពីក្មេងស្រីខាងលើ ក៏មានមនុស្សបីនាក់ផ្សេងទៀតបានត្រូវរង្វាន់នេះផងដែរក្នុងនោះពីរនាក់ត្រូវបានម៉ូតូម្នាក់មួយគ្រឿងដែលមានតម្លៃជាង ១៥៥៨០ ដុល្លារ និងម្នាក់ទៀតត្រូវបានកង់មួយគ្រឿងដែលមានតម្លៃជាង ១ ម៉ឺនដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
