ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរៀបចំព្រឹត្តិការណ៍ GUMBALL 3000 បានជោគជ័យលើទឹកដីកម្ពុជា

    BY Naren September 26, 2024
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរៀបចំព្រឹត្តិការណ៍ GUMBALL 3000 បានជោគជ័យលើទឹកដីកម្ពុជា

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជា បញ្ចប់ទៅដោយភាពរីករាយ ការចងចាំល្អៗ ទទួលបានការសាទរពីប្រជាជនកម្ពុជា និងការគាំទ្រពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការ Gumball 3000 ឱ្យបានជោគជ័យ។

    ការថ្លែងអំណរគុណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានរៀបចំព្រឹត្តិការណ៍ Gumball3000 សូមថ្លែងអំណរគុណ ដល់ក្រសួងពាក់ព័ន្ធរួមមាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលារាជធានីខេត្តសៀមរាប អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាល ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងព្រឹត្តិការ Gumball3000 រហូតទទួលបានជោគជ័យ»។

    សូមរំលឹកថាព្រឹត្តិការណ៍ Gumball 3000 x Chip Mong បានរៀបចំរយៈពេល ៣ថ្ងៃ ក្នុងប្រទេសកម្ពុជា គឺនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីរថយន្ត Sport Cars, Supercars និង Luxury Cars ក្នុងស្រុករហូតដល់ទៅជាង ៣០០រថយន្ត និងពីប្រតិភូ Gumball 3000 ចំនួនជាង ១៥០រថយន្ត។

    ជាងនេះទៅទៀតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មដ៏សម្បូរបែបរបស់ក្រុមហ៊ុន ជីប ម៉ុង បានផ្តល់ភាពងាយស្រួលក្នុងការរៀបចំទទួលស្វាគមន៍ភ្ញៀវអន្តរជាតិដែលសុទ្ធសឹងជាជនមានឥទ្ធិពល មហាសេដ្ឋីលំដាប់កំពូល តារាល្បីៗ និងកីឡាករលំដាប់ពិភពលោកជាច្រើនរូប សំដៅយ៉ាងណាផ្តល់បទពិសោធន៍នៃការស្នាក់នៅរបស់ពួកគេក្នុងប្រទេសកម្ពុជា ប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

    លើសពីការបង្ហាញរថយន្តទំនើប ព្រឹត្តិការណ៍ GUMBALL 3000 បានជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក, ប្រមូលមូលនិធិបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាពិសេសការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា៕

    Share This Post: