ព័ត៌មានជាតិ

ខេត្តកំពង់ចាម៖ កម្ពស់ទឹកនៅថ្ងៃនេះបានស្រកចុះបន្តិចមកវិញ ខណៈទឹកទន្លេមេគង្គបានឡើងជាប់ៗគ្នាអស់ជាច្រើនថ្ងៃ

BY
Khmernote Media
September 27, 2024

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានឱ្យដឹងថា បន្ទាប់ពីស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានសម្រុកឡើងអស់ជាច្រើនថ្ងៃជាប់ៗគ្នានោះ នៅថ្ងៃនេះទឹកទន្លេបានស្រកចុះបន្តិចមកវិញ។ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ ចាមបានបញ្ជាក់ ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានស្រកចុះមកវិញនៅកម្ពស់១៤.២៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រក ០,០៤ម៉ែត្រ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ទឹកទន្លេ មានកម្ពស់ ១២,០១ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ដោយឡែកស្ថានភាពទឹកទន្លេមេគង្គឡើងដល់កម្ពស់ជិតចំណុចប្រកាសប្រុងប្រយ័ត្ននេះធ្វើឲ្យព្រែក ចំនួន៣៧ក្នុងចំណោម៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន៖
១-ស្រុកស្ទឹងត្រង់៖ ៥/៥ព្រែក
២-ស្រុកកំពង់សៀម៖ ៩/១១ព្រែក
៣-ស្រុកកងមាស៖ ១១/១៣ព្រែក
៤-ស្រុកកោះសូទិន៖ ៥/៥ព្រែក
៥-ស្រុកស្រីសន្ធរ៖ ៧/៧ព្រែក។

ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថាសម្រាប់ស្ថាន ភាពអាកាស ធាតុមានភ្លៀងផ្គរ រន្ទះកម្រិតតិច ក្នុងបរិមាណជាមធ្យមពី២០%ទៅ៣០% និងមាន ខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤ម៉ែត្រក្នុង១វិនាទី ៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម Kg.Cham Provincial Department Of Information

Share This Post: