ជំរំទោចថ្ពាល់លឿង ក្នុងសហគមន៍អណ្តូងក្រឡឹងរកចំណូលបានជិត ១៧ម៉ឺនដុល្លារពីអេកូទេសចរណ៍
- September 27, 2024
ខេត្តមណ្ឌលគិរី៖ យោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤នេះ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបប្រមាណ២.៤៤៧នាក់ និងរកចំណូលសរុបបានប្រមាណ១៦៩.៥៩៤ ដុល្លារអាមេរិក។ នោះបើតាមការឱ្យដឹងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា។
អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp នៅឆ្នាំ២០១៣ ហើយបច្ចុប្បន្ន តំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង ក្នុងសហគមន៍អណ្តូងក្រឡឹង ក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។
លោក Chris Iverson ទីប្រឹក្សាបច្ចេកទេសអេកូទេសចរណ៍នៅគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp របស់អង្គការ WCS បាននិយាយថា ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដក៏ដោយ ក៏ជំរំទោចថ្ពាល់លឿងបានបន្តទទួលភ្ញៀវទេសចរប្រមាណ១០០ក្រុម រួមទាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ភាពយន្តឯកសាររបស់ BBC និងទេសចរចូលមើលសត្វស្លាប ក្នុងឆ្នាំ២០២២។ លោក បញ្ជាក់ថា «យើងបានសាងសង់កន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋាន ខ្ទមស្នាក់នៅចំនួន៣ និងមជ្ឈមណ្ឌលស្រាវជ្រាវមួយ ដែលបើកឱ្យនិស្សិតស្រាវជ្រាវទាំងក្នុងស្រុក និងអន្តរជាតិ»។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមិនត្រឹមតែជាដែនជម្រកសត្វព្រៃមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ២ម៉ឺនក្បាល ហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ១.២០០ក្បាល៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post: