ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ

BY
Khmernote Media
September 28, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី បានប្រកាសឱ្យអាជ្ញាធរពាក់ព័ន្ធត្រៀម​រៀបចំព្រះ​រាជ​​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ​២០២៤នេះ ឱ្យអធឹកអម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។ ដើម្បីប្រារព្ធព្រះរាជពិធីនេះដោយជោគជ័យ សម្តេច​ធិប​តី បានណែនាំឱ្យគណៈកម្មា​ធិការជាតិ​រៀបចំបុ​ណ្យ​ជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។

នេះបើយោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្ត​ដល់បណ្តា​ខេត្ត ក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិ​ការណ៍ប្តូរវេនគ្នាដើម្បីបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើនដើម្បីក្រុមហ៊ុនទេសចរណ៍អាចលក់កញ្ចប់ទេសចរណ៍ក្នុងស្រុកបាន។

សម្តេចក៏បានណែនាំឱ្យរៀបចំអង្គរសង្រ្កាន្ត និងសង្រ្កាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: