ព័ត៌មានជាតិ

សំណង់ដែលរំលោភចូលមាត់សមុទ្រ និងមាត់ព្រែក ក្នុងខេត្តកែប ត្រូវអាជ្ញាធរស្រុកដំណាក់ចង្អើរចុះរុះរើចេញហើយ

BY
Khmernote Media
September 28, 2024

ខេត្តកែប៖ យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សំណង់ដែលសង់រំលោភចូលមាត់សមុទ្រ និងព្រែក ស្ថិតក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានអាជ្ញាធរក្នុងតំបន់ ចាត់វិធានការដ៏ក្តៅគគុក រុះរើចេញ ក្រោមបញ្ជារបស់ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយមាត់សមុទ្រ ចំណុចស្រែយុល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមនៃស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងការពារព្រំដែនទឹកវរៈ៤៣០ប្រចាំខេត្តកែប រួមជាមួយអាជ្ញាធរមូលដ្ឋាន។

ក្នុងនោះកម្លាំងចម្រុះបានចុះទៅដល់ទីតាំងទី១ ដោយម្ចាស់ទីតាំងយកគ្រឿងចក្រមករុះរើដោយខ្លួនឯង ហើយបានស្ទូចយកខ្ចុះឈើចេញចំនួន០២ខ្នង និងបន្តរុះរើថែមទៀត។ ជាមួយគ្នានោះ ទីតាំងទី២ បានរុះរើសំណង់ផ្ទះឈើ១ខ្នង បាំងជញ្ជាំងក្តា ទំហំ៣ម៉ែត្រx៤ម៉ែត្រ កម្ពស់២ជាន់ ដែលបានលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតចូលក្នុងទឹកព្រែកពីសំណាក់ជនឆ្លៀតឱកាស និងមិនស្គាល់អត្តសញ្ញាណ នៅចំណុចស្ពានអូរកញ្ឆែត ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយក្រុមការងារ បានរុះរើសម្ភារឈើ និងកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង។

បើតាមការបញ្ជាក់ពីលោកអភិបាលស្រុកដំណាក់ចង្អើរ ប្រតិបត្តិការនេះនឹងបន្តដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតអោយមានការទន្ទ្រានយកដីសាធារណៈមកធ្វើជាកម្មសិទ្ធិឯកជនបានឡើយ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: