ខឹងចិត្តបោះឆ្នោតច្រលំគណបក្ស សុខចិត្តកាត់ម្រាមដៃខ្លួនឯងចោល
ជនជាតិឥណ្ឌាម្នាក់បានកាត់ម្រាមដៃចង្អុលរបស់ខ្លួនចោល បន្ទាប់ពីបានដឹងថា គាត់បានបោះឆ្នោតឱ្យគណបក្សនយោបាយខុស។ បុរសម្នាក់នោះមានឈ្មោះ Pawan Kumar គាត់បាននិយាយថា គាត់បានបោះឆ្នោតឱ្យគណបក្ស Bharatiya Janata Party (BJP) ដោយចៃដន្យ។ ជាការពិតគាត់ចង់បោះឆ្នោតឱ្យគណបក្សក្នុងតំបន់មួយ ប៉ុន្តែគាត់បានមើលច្រឡំដោយសារនិមិត្តសញ្ញារបស់គណបក្សនយោបាយ មានច្រើនពេកនៅលើម៉ាស៊ីនបោះឆ្នោត។ ជាក់ស្តែងរាល់ម្រាមដៃរបស់អ្នកបោះឆ្នោតត្រូវបានសម្គាល់ដោយទឹកថ្នាំដែលលាងមិនជ្រះ បន្ទាប់ពីពួកគេបានបោះឆ្នោតរួច ហើយគាត់ក៏បានកាត់ម្រាមដៃមានជាប់ទឹកថ្នាំនោះចោលតែម្តង។

លោក Pawan Kumar ត្រូវបានគេឱ្យដឹងថា បានទៅបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ នៅក្រុង Bulandshahr នៅភាគខាងជើងរដ្ឋ Uttar Pradesh ខណៈដែលការបោះឆ្នោតនោះ គឺជាដំណាក់កាលទី ២ នៃការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសឥណ្ឌា។ លោក Pawan Kumar បាននិយាយថា៖ «ខ្ញុំចង់បោះឆ្នោតឱ្យគណបក្សនិមិត្តសញ្ញារូបដំរី ប៉ុន្តែខ្ញុំបានច្រឡំបោះឆ្នោតឱ្យរូបផ្កាទៅវិញ» ។ គួរឱ្យដឹងផងដែរថា ការបោះឆ្នោតរបស់ប្រទេសនេះត្រូវបានធ្វើឡើងជា ៧ ដំណាក់កាល ដោយសន្លឹកឆ្នោតនឹងត្រូវបានគេរាប់នៅថ្ងៃទី ២៣ ខែឧសភា ជាមួយនឹងប្រជាជនមានសិទ្ធិបោះឆ្នោតចំនួន ៩០០លាននាក់ បានធ្វើឱ្យការបោះឆ្នោតនេះ ក្លាយជាការបោះឆ្នោតធំបំផុតដែលមិនធ្លាប់មានរបស់ពិភពលោក។

អត្ថបទ៖ លីដា
ប្រភព៖ bbc