បុរសម្នាក់ខឹងប្រពន្ធរត់ចោល ចាប់កូនញាត់ចូលក្នុងទ្រុងដាក់សត្វសុខន ដើម្បីសងសឹកដល់ប្រពន្ធ
ចិន៖ រូបភាពដែលបង្ហាញពីទិដ្ឋភាព ក្មេងតូចអាយុត្រឹមតែ ២០ ខែម្នាក់ ត្រូវបានឪពុកយកទៅដាក់ឃុំនៅក្នុងទ្រុងសម្រាប់ដាក់សត្វសុខន និងយកជើងទៅជាន់លើមុខទៀតនោះ ត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម ជាមួយនឹងការរិះគន់ជាខ្លាំងចំពោះសកម្មភាពរំលោភសិទ្ធកុមារយ៉ាងឃោរឃៅនេះ។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច Dailymail បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន និងបានបង្កឡើងដោយបុរសជាឪពុកដែលមានឈ្មោះថា Xu Ting។ ប្រភពដដែលនេះបានបន្តថា មូលហេតុដែលជំរុញឲ្យបុរសជាឪពុកប្រព្រឹត្តិសកម្មភាពអសីលធម៌ដូចនេះ ក៏ព្រោះតែគាត់ចង់សងសឹងប្រពន្ធរបស់គាត់ដែលបានចាកចេញពីរូបគាត់ ដោយបន្យល់ទុកឲ្យគាត់ និងកូនរស់នៅយ៉ាងឯកា។
ក្រោយពីប្រទះឃើញរូបភាពនេះតាមរយៈបណ្តាញសង្គមស្ត្រីជាប្រពន្ធដែ លបានចុះចេញចោលគ្រួសារនោះ បានទៅប្ដឹងប៉ូលិសឲ្យជួយធ្វើអន្តរាគមន៍លើរឿងនេះ តែប៉ូលិសបានប្រាប់ថា ឲ្យនាងត្រលប់ទៅផ្ទះវិញទៅនោះបញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយដោយសន្តិវិធីហើយ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា ស្ថានភាពក្នុងគ្រួសារមួយនេះបានវិវឌ្ឍន៍ទៅជាយ៉ាងណាហើយទេ ខណៈមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកំពុងតែធ្វើការិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ឪពុកដែលយកកូនតូចមិនដឹងអីទាល់តែសោះមកធ្វើជាចំណាប់ខ្មាំងក្នុងរឿងផ្ទាល់ខ្លួនគាត់ជាមួយនឹងប្រពន្ធដូចនេះទៅវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
