ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ បំពាក់កាម៉េរ៉ាសុវត្ថិភាពនៅតាមបន្ទប់ស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលប្រឡងបាក់ឌុប
(ភ្នំពេញ)៖ តាមរយៈការផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការបំពាក់កាម៉េរ៉ាសុវត្ថិភាពនៅតាមបន្ទប់នានាសម្រាប់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ ដើម្បីធានាបានថា គ្រប់ដំណាក់កាលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានអនុវត្តតាមបច្ចេកទេសប្រកបដោយភាពសុក្រឹតត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថាដំណើរការកំណែមុខវិជ្ជាទាំង ១០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។

បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅអគាររដ្ឋបាលចៅពញាហុករបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។ ដោយឡែកសន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុកនៅសាលាបឋមសិក្សាចៅពញាហុក។
ដោយឡែក នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងនឹងរៀបចំកិច្ចប្រជុំបច្ចេកទេសដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕



ប្រភព៖ ក្រសួងព័ត៌មាន