អន្តរជាតិ

ភ្នំភ្លើងធំមួយនៅឥណ្ឌូណេស៊ីបានផ្ទុះ និងបណ្តាលឱ្យមានអ្នកបាត់បង់ជីវិតចំនួន ១០នាក់

BY
Pheakdey
November 4, 2024

ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់ដោយសារហេតុការណ៍ផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងជាបន្តបន្ទាប់ ហើយគិតត្រឹមពេលនេះតួលេខអ្នកស្លាប់សរុបបានកើនឡើងចំនួន ១០ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃចន្ទ ទី៤ ខែតុលា។ ភ្នំភ្លើងដែលបានផ្ទុះនេះមានឈ្មោះថា Lewotobi Laki-Laki មានទីតាំងស្ថិតនៅលើកោះ Flores ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។

បើតាមលោក Abdul Muhari ដែលជាអ្នកនាំពាក្យឱ្យទីភ្នាក់ងារជនភៀសខ្លួនដោយសារគ្រោះមហន្តរាយបានបញ្ជាក់ថា ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះជាច្រើនដង ​ដោយលើកទី១ បានផ្ទុះនៅមុនពាក់កណ្តាលអាធ្រាតយប់មិញនេះ ពោលគឺស្ថិតនៅយប់ថ្ងៃអាទិត្យ ទី៣ ហើយក្រោយពេលឈានចូលដល់ព្រឹកថ្ងៃចន្ទ ទី៤ ភ្នំភ្លើងក៏បានផ្ទុះចំនួន ២ដងបន្ថែមទៀត គឺនៅម៉ោង​ ១៖៣០ នាទី និងនៅម៉ោង ២៖៣៨ នាទី។ ក្រោយភ្នំភ្លើងបានផ្ទុះ វាក៏បានបង្កឱ្យមានកម្អែយ៉ាងច្រើនហូរចេញមកក្រៅ ផេះអមដោយចំហាយក្តៅ និងផ្សែងពុលយ៉ាងច្រើនចូលទៅក្នុងបរិយាកាស។ ភ្លាមៗក្រោយមានហេតុការណ៍ផ្ទុះ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ថា មានអ្នកស្លាប់ ៦នាក់ ក្រោយមកទៀតនៅពេលព្រឹកគេបានរកឃើញសាកសពចំនួន ៣នាក់បន្ថែមទៀត ហើយនៅរសៀលនេះសាកសពម្នាក់ទៀតត្រូវបានរកឃើញ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបមានរហូតដល់ ១០នាក់៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: