អន្តរជាតិ

អូស្រ្តាលីគ្រោងកាត់បំណុលនិស្សិតមានតម្លៃសរុបជាង ១០ពាន់លានដុល្លារ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ

BY
Pheakdey
November 5, 2024

អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីគ្រោងនឹងកាត់បំណុលនិស្សិតមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ១៦ពាន់លានដុល្លារអូស្រ្តាលី (១០,៥៥ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា។ ការសម្រេចដាក់ចេញផែនការខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់បញ្ហាលំបាកក្នុងរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងកើតមានក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល។

បើតាមលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese បានបញ្ជាក់ថា គម្រោងកាត់បន្ថយចំនួនប្រាក់បំណុលនិស្សិតក្នុងទំហំទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារអូស្រ្តាលីខាងលើនេះនឹងត្រូវអនុវត្តចំពោះពលរដ្ឋអូស្រ្តាលីប្រហែលជា ៣លាននាក់ ដែលធ្លាប់បានប្រើប្រាស់ឥណទាននិស្សិតសម្រាប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់ពួកគេនាពេលកន្លងមក ហើយចំនួនប្រាក់បំណុលដែលត្រូវបានរដ្ឋាភិបាលកាត់ចោលឬលើកលែងមិនយកនោះគឺមានទំហំស្មើនឹង ២០%នៃបំណុលសរុបរបស់ពួកគេម្នាក់។ ជាងនេះទៅទៀត ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរអូស្រ្តាលីក៏គ្រោងនឹងបញ្ចុះតម្លៃថ្នាំពេទ្យ និងដាក់ចេញកម្មវិធីមួយចំនួនដើម្បីជួយជម្រុញដល់វិស័យផ្តល់សេវាកម្មជួល និងការវិនិយោគផងដែរ៕

លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: